(ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិន ឬគេនិយមហៅថា តាង៉ែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅ មិនថាតែនៅក្នុងខេត្តប៉ៃលិននោះទេ ពោលនៅពេលនេះ កំពុងចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជាប់ចិត្តជាមួយផ្លែតាង៉ែននេះ គឺដោយសារតែរសជាតិឆ្ងាញ់ ផ្អែមជាប់មាត់ នៅពេលបានទទួលទានហើយ គឺចង់ទទួលទានទៀត។

ដោយសារតែមានការគាំទ្របែបនេះ ធ្វើឲ្យក្រុមហ៊ុនចិនមួយ បានមកបណ្ដាក់ទុនសាងសង់ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិនមួយ នៅខេត្តដែលមានប្រវត្តិជួរចត់ ដោយសារភ្លើងសង្គ្រាមមួយនេះ ហើយរហូតមកដល់ពេលបច្ចុប្បន្នឡដ្ឋសម្ងួតនេះ បានសាងសង់រួចជាស្ថាពរផងដែរ ដើម្បីចែកចាយផ្លែមៀនប៉ៃលិននេះ នៅក្នុងស្រុក និងនាំចេញទៅប្រទេសចិន។

អភិបាលរងខេត្តប៉ៃលិន លោក ធូ ភា ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តប៉ៃលិន» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា តាមការគ្រោងទុក ផ្លែមៀនប៉ៃលិននេះ បម្រុងនឹងនាំចេញទៅប្រទេសចិន កាលពីពេលកន្លងទៅ ប៉ុន្ដែដោយសារផ្ទុះឡើងនូវជំងឺកូវីដ១៩ ទើបផែនការនេះត្រូវបានខកខាន។

បើតាមការលើកឡើងរបស់ លោក ធូ ភា តាមការគ្រោងទុក នៅពេលស្ថានភាពជំងឺកូវីដ១៩នេះស្ងប់ស្ងាត់ទៅវិញ ផ្លែមៀនប៉ៃលិន ឬតាង៉ែន នឹងនាំទៅប្រទេសចិនតែម្ដង។ ក្រៅពីតាង៉ែននៅខេត្តប៉ៃលិន ក៏មានការស្រួបទាញផ្លែឈើនេះ របស់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ ដើម្បីបម្រើឲ្យការផ្គត់ផ្គង់។

អភិបាលរងខេត្តរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិន បានសាងសង់រួចហើយ ស្ថានភាពដែលយើងត្រូវនាំទៅប្រទេសចិន ក៏យើងគ្រោងហើយដែរ ប៉ុន្ដែអកុសលទូទាំងពិភពលោកកូវីដ បានរាំងស្កាត់នូវដំណើរការនេះ ចឹងនៅពេលអស់កូវីដ យើងនឹងដំណើរការជាប្រក្រតីឡើងវិញ»

ដោយឡែក ចំពោះសំណួរថា តើការគ្រោងនាំផ្លែមៀនប៉ៃលិនទៅប្រទេសចិននេះ មានចំនួនប៉ុន្មានក្នុងមួយឆ្នាំ? លោក ធូ ភា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកម្ពុជាចិន មិនទាន់បានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញនេះនោះឡើយ ប៉ុន្ដែលោកគ្រាន់តែបង្ហើបថា កម្រិតនៃការនាំចេញទៅប្រទេសចិននេះ នឹងខ្ពស់ជាងការនាំចេញទៅប្រទេសថៃ នាពេលបច្ចុប្បន្ន ឬទីផ្សារក្នុងស្រុក។

គួរជម្រាបថា យោងតាមតួលេខដែលបង្ហាញដោយលោក ធូ ភា បានបញ្ជាក់ថា ជាទូទៅសម្រាប់មៀនប៉ៃលិន ឬតាង៉ែន ក្នុងខេត្តប៉ៃលិនផ្ទាល់តែម្ដង ដែលបាននាំចេញទៅប្រទេសថៃ គឺមានចំនួនពី៥,៥០០តោន ទៅ៦,០០០តោន ក្នុងមួយឆ្នាំ។

ដោយឡែក សម្រាប់តួលេខនៃការនាំចេញជាក់ស្ដែងតាមច្រកអន្ដរជាតិព្រំ គឺមានច្រើនជាងនេះ ដោយសារតែមានការស្រូបទាញផ្លែតាង៉ែននេះ ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានប្រមាណ៤០០តោនក្នុងមួយសប្ដាហ៍ (ចំនួនគិតមុនពេលផ្ទុះជំងឺកូវីដ១៩)។

ចំពោះការប្រមូលផលវិញ ត្រូវបានលោកអភិបាលរងអះអាងថា ក្នុងរយៈពេល៤ខែ កសិករដែលដាំផ្លែតាង៉ែននឹងប្រមូលផលម្ដង ហើយពួកគាត់បានបែងចែកគ្នាជាសហគមន៍ដើម្បីដាំ ដើម្បីកុំឲ្យមានការប្រមូលផលជាន់គ្នា៕