(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះថា រយៈពេល១៣ថ្ងៃ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦) នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ កម្លាំងនគរបាលបានធ្វើការត្រួតពិនិត្យ យានយន្តសរុបចំនួន ៣៧៨៥៨៥គ្រឿង រកឃើញយានយន្ត២៣ភាគរយល្មើស ស្មើនឹង៨៦៧៤៣គ្រឿង ក្នុងនោះធ្វើការអប់រំណែនាំចំនួន ៤៤៤៣៧គ្រឿង ហើយមានតែ ៤២៣០៦គ្រឿងប៉ុណ្ណោះដែលបានផាកពិន័យ ។
ថ្លែងបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ធ្វើឡើង នៅក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផល ការងារត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក នៅស្តីការក្រសួងមហាផ្ទៃ ក្រោមធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងចំណោមយានយន្តដែលត្រូវផាកពិន័យ មានយានយន្តប្រមាណ៧៦,១៣ភាគរយ ស្មើនឹងទឹកប្រាក់ជាង៨៥៣ ៩៧០ ០០០រៀល៕