(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនដល់អ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្ត ត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីតលើម្ហូបអាហារមួយចំនួន កំពុងដាក់លក់ក្នុងផ្សារជីមាន់ និងផ្សារជីពាំង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាលទ្ធផលមាន គុណភាពល្អ មិនមានទំនិញណាខូចគុណភាពនោះទេ។

លោក មាស មោរ៉ា បានឲ្យដឹងថា មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត បានចុះត្រួតពិនិត្យនិងធ្វើតេស្តទៅលើគំរូផលិតផលរួមមាន ពោះត្រីប្រាប្រឡាក់ ត្រីប្រាងៀត ត្រីផ្ទោងងៀតសមុទ្រ ត្រីប្រម៉ាងៀត សណ្តែកបណ្តុះ និងស្ករត្នោត។ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នៅលើគំរូផលិតផល ទាំងនោះឡើយ។

ក្រៅពីនោះមន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យនិងដឹងពីប្រភពឲ្យច្បាស់លាស់ព្រមទាំងដាក់ តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕