(ស្វាយរៀង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជារា ១៣គ្រួសារ ជនពិការ ១នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ៣នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៧គ្រួសារ ដែលសរុបចំនួន២៤គ្រួសារ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកស្រី ដួង វណ្ណា ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិន ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកស្រីបានបញ្ជាក់ប្រាប់ថា ថ្ងៃនេះជាទិវានៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលមិនអាចបំភ្លេចបានចំពោះការធ្វើទារុណកម្ម ការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត មកលើប្រជាជនកម្ពុជាដ៏ស្លូតត្រង់ និងជាថ្ងៃមិនអាចបំភ្លេចបានមហាគុណដ៏ធំធេងក្នុងការរំដោះជាតិ មាតិភូមិ និងប្រជាជនកម្ពុជារបស់យុទ្ធជន យុទ្ធនារី និងគណបក្សប្រជាជនកម្ពុជាបានឡើយ។

លោកស្រីបានបន្តទៀតថា ចំពោះនៅក្នុងប្រទេសយើងបច្ចុប្បន្ននេះវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យសុខភាពជាប្រចាំ ដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃ និងសាប៊ូ ឬទឹកអាល់កុល ឬជែល សម្លាប់មេរោគ នឹងត្រូវពាក់ម៉ាសឬក្រម៉ា ជៀសវាងការជួបជុំមានមនុស្សចូលរួមច្រើន ហូបទឹកដាំពុះ។

ជាមួយគ្នានោះលោកស្រីបានជំរុញឱ្យបងប្អូនត្រូវខិតខំការងារកសិកម្ម ក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩ នេះនៅតែអូសបន្លាយ និងត្រូវយកចិត្តទុកដាក់ការពារខ្លួនក្នុងករណីមានផ្គររន្ទះខ្យល់កន្ត្រាក់ជាដើម។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២៤គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកា៤០,០០០ រៀល៕