(ភ្នំពេញ)៖ រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាសចំនួន១២កេស ស្មើនឹងម៉ាសចំនួន៣០ពាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងការការពារជំងឺកូវីដ១៩ (COVID-19)។

ពិធីទទួលនិងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា, លោក ឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ មានការចូលរួមជាសាក្សីពីគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការផងដែរ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះ ដល់សភាកម្ពុជា។ អំណោយនេះ ពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយ ប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរកម្ពុជា-វៀតណាម។ អំណោយនេះ គឺជាសក្ខីភាពថ្មីមួយទៀត ក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើង ហើយដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាព និងការរីកចម្រើននៃប្រទេសទំាងពីរ។

សូមជម្រាបថា នៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញ បានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យជាប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះ ដល់សហគមន៍។

បើទោះបីកម្ពុជា មិនមានករណីឆ្លងថ្មី តែហានិភ័យនៅតែមានខ្ពស់ ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយនឹងកូវីដ១៩ ជារៀងរាល់ថ្ងៃ៕