(តាកែវ)៖ លោក សោភ័ណ្ឌ ផល្លា និងលោក អ៊ំ ចំរើន ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចតែងតាំងជាអភិបាលរងស្រុកទ្រាំង និងត្រូវបានប្រកាសតែងតាំងជាផ្លូវការនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ជាមួយនឹងការណែនាំជាច្រើន ដើម្បីពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក ម៉ឹង វុធី បានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកទាំងពីររូប និងអាជ្ញាធស្រុកទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត និងឱ្យទាន់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដាច់ខាតកុំឲ្យមានការយឺតយ៉ាវ ដែលអាចនាំឱ្យប្រជាពលរដ្ឋមានការអាក់អន់ចិត្ត ថ្នាំងថ្នាក់ណាមួយ។

លោក ម៉ឹង វុធី បានថ្លែងថា «តួនាទី ភារកិច្ច មុខងារជាមន្ត្រីសាធារណៈត្រូវប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយ ចិត្ត និងស្មារតី»

អភិបាលរងខេត្តរូបនេះក៏បានផ្ដាំផ្ញើឱ្យអភិបាលស្រុក អភិបាលរង និងសមត្ថកិច្ចមូលដ្ឋានទាំងអស់ ត្រូវក្តាប់សភាពកាណ៍នៅតាមមូលដ្ឋាននីមួយៗឲ្យច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជាភាពងាយស្រួលក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលា និងមានភាពជឿជាក់ពីប្រជាពលរដ្ឋមកលើអាជ្ញាធរ។

ម្យ៉ាងវិញទៀត អាជ្ញាធមូលដ្ឋានត្រូវបន្តសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធានការបង្ការអនាម័យ ការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋភ្លេចខ្លួនពីជំងឺនេះឲ្យសោះ បើទោះបីជាស្ថានភាពជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាបានធូរស្រាលបន្ដិចក៏ដោយ៕