(កំពត)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីប្រតិភូច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីទីប្រឹក្សាបច្ចេកទេសគម្រោង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចុះស្វែងយល់ និងពិនិត្យលទ្ធផល នៃគម្រោងសាងសង់ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្ម សំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត ខេត្តកំពត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានសម្ដែងក្ដីអំណរសាទរ និងសង្ឃឹមចំពោះសមិទ្ធផល ដ៏មានសារៈសំខាន់នេះ ដែលនឹងសម្រេចរួចហើយជាស្ថាពរ ក្នុងពេលខាងមុខដ៏ឆាប់នេះ។ ព្រោះសមិទ្ធផលទាំងនេះ អាចឆ្លើយតបនៃការកាត់បន្ថយក្ដីបារម្ភកង្វល់ ពីអាជ្ញាធរខេត្ត ក្រុង ក៏ដូចជាប្រជាពលរដ្ឋ ពីបញ្ហានៃការជន់លិចក្រុងនៅពេលភ្លៀងធ្លាក់មកម្ដងៗ និងអាចធ្វើឱ្យអនាម័យបរិស្ថាន បានល្អក្នុងក្រុងកំពតថែមទៀតផង។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក និងសំណូមពរ ដល់មន្ត្រីអ្នកបច្ចេកទេស រួមនិងអ្នកទទួលការសាងសង់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាធ្វើយ៉ាងណា ឱ្យដំណើរការសាងសង់នេះ បានសម្រេចលឿនឆាប់រហ័ស និងតាមបទដ្ឋានបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ពិសេសធ្វើយ៉ាងណា ជំរុញល្បឿននៃការសាងសង់ ក៏ដូចជាការស្ដារព្រែកធម្មជាតិ នៅភូមិតាអេង ដែលជាផ្លូវទឹកសំខាន់ ក្នុងការរំដោះទឹកភ្លៀងចេញពីក្រុងកំពត ដើម្បីបញ្ចៀសការជន់លិចនៅពេលរដូវវស្សាទឹកភ្លៀងនឹងធ្លាក់មកដល់នៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា អនុគម្រោងប្រព័ន្ធប្រមូលនិងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងកំពត គឺជាគម្រោង អភិវឌ្ឍន៍ក្រុងរបៀង នៃមហាអនុតំបន់មេគង្គទី២ ប្រើប្រាស់ឥណទានរបស់ ADB។ គម្រោងនេះ ចាប់ផ្ដើមអនុវត្តតាំងពីខែតុលា ឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២១ គ្រោងប្រើប្រាស់ថវិកាប្រមាណជាង ៩លាន ៩សែន ៦ម៉ឺន ៨ពាន់ដុល្លា ។

គម្រោងនេះទៀតសោតមានអាងប្រព្រឹត្តិកម្មទឹកស្អាតចំនួន ៣កន្លែងផ្សេងគ្នា ក្នុងនោះ អាងប្រព្រឹត្តិកម្មទីមួយស្ថិតនៅសង្កាត់កំពង់បាយ ទីពីរស្ថិតនៅក្នុងសង្កាត់ក្រាំងអំពិល ក្នុងក្រុងកំពតដូចគ្នា និងទី៣ ជាអាងប្រព្រឹត្តិកម្មសំអាតទឹកកខ្វក់ ចុងក្រោយស្ថិតនៅភូមិត្រពាំងកញ្ឆែត ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត។

ប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់នេះ ក្នុងនោះមានស្ថានីយបូមទឹកកខ្វក់ចំនួន២ បំពង់មេបញ្ជូនទឹកកខ្វក់មានប្រវែងជាង ៧គីឡូម៉ែត្រ បំពង់បញ្ជូនទឹកកខ្វក់មានប្រវែងជាង ៩គីឡូម៉ែត្រ បំពង់ដែលត្រូវភ្ជាប់បណ្ដាញទឹកកខ្វក់តាមខ្នងផ្ទះប្រវែងជាង ១២គីឡូម៉ែត្រ ចំនួនខ្នងផ្ទះដែលត្រូវភ្ជាប់បណ្ដាញមាន ២,០០០ខ្នង និងប្រព័ន្ធដោះទឹកភ្លៀង មានប្រវែងជិត ៨គីឡូម៉ែត្រ៕