(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញបានជម្រាបជូនដំណឹង ដល់សាធារណជន ដែលជាអ្នកកាន់កាប់លំនៅឋាន និងដីសាងសង់ទាំងអស់ ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនៃតំបន់វិនិច្ឆ័យខាងលើ នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស ជាតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨៖០០ព្រឹក នៅក្នុងបរិវេណវត្តនិរោធ។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា «សូមបងប្អូនដែលជាអ្នកកាន់កាប់លំនៅឋាន និង ដីសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ឋ ដែលមានក្បាលដី ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញទាំងអស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ នៅក្នុងទីតាំង និងតាមកាលបរិច្ឆេទកំណត់ខាងលើ ដើម្បីស្តាប់ការផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីគណៈកម្មការរដ្ឋបាល ស្តីពីដំណើរ ការវិនិច្ឆ័យ និងការចូលរួមក្នុងដំណើរការ ចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ឲ្យបានគ្រប់ៗគ្នា»