(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ស្តីពីការងារកៀរគរកមូលនិធិ សម្រាប់ខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ហើយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីគណៈកម្មការសាខា មន្រ្តីប្រតិបត្តិសាខា មន្ទីរ អង្គភាពនានាជុំវិញខេត្ត អនុសាខាក្រុង ស្រុកទាំង១៣ផងដែរ។

លោកឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បានរាយការណ៍អំពីសកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះផ្ដល់អំណោយដល់គ្រួសារ ក្រីក្រចាស់ជរាគ្មានទីពឹង ទុរគតជន ក្មេងកំព្រា និងគ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ រយៈពេលកន្លងមកជូនគណៈអធិបតី។

លោក ជា សុមេធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់មន្ត្រី ប្រតិបត្តិសាខា អនុសាខាក្រុង ស្រុកទាំង ១៣ ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូននូវគ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ទុរគតជន កុមារកំព្រា កុមារងាយរងគ្រោះដោយសារជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តព្រៃវែង នាពេលកន្លងមក។

លោកបានបន្តទៀតថា ការកៀរគររកថវិកានេះ ក្នុងគោលបំណង ចូលរួមមនុស្សធម៌ ជាបន្តទៀតដើម្បីជួយ និងផ្ដល់ជូនដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងទុរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា។ លោកបានអំពាវនាវដល់គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុងស្រុកទាំង ១៣ ត្រូវបន្តចូលរួម ផ្សព្វផ្សាយ ខ្លឹមសារ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់នៅកូវីដ១៩ កុំឱ្យមានរលកទី២ មកកម្ពុជាទៀត។

ថវិកាដែលបានកៀរគរមូលនិធិ សម្រាប់ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» តាមមន្ទីរអង្គភាព អនុសាខាក្រុងស្រុកទាំង១៣ បានចំនួន ១៧៨.៩៨០.០០០រៀល៕