(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០នេះ អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់ផ្លូវបេតុង មួយខ្សែមានប្រវែង ១,៧០០ម៉ែត្រ ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ផ្លូវបេតុងនេះមានប្រវែង ១.៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ សាងសង់ជុំវិញប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្តឆ្នាំ២០២០។ ជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ ៣០%ហើយ។

ទន្ទឹមនឹងការចុះពិនិត្យផ្លូវមួយខ្សែនេះ លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់អ្នកទទួលការសាងសង់ ត្រូវគោរពតាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់។ ចំណែកមន្រ្តីបច្ចេកទេស ត្រូវចុះត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងជាប្រចាំតាមដំណាក់កាលនីមួយៗ នៃការសាងសង់ផងដែរ៕