(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះ ដោយអំពើហិង្សាទាក់ទង និងយេនឌ័រ នៅតាមបណ្តាលខេត្តចំនួន១២។

ថ្លែងក្នុងពិធីនោះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា អង្គការ UNFPA សហការជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូ ដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា ១៖ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ, ២៖ ក្មេងជំទង់ និងយុវវ័យ និង៣៖ ផ្នែកទិន្នន័យប្រជាសាស្រ្ត។

លោកស្រីរដ្ឋមន្ដ្រី បន្ដថា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ បានសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការ UNFPA ក្នុងការរៀបចំ៖

១៖ គោលនយោបាយ និងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សា លើស្រ្តីលើកទី៣
២៖ ផែនការនារីរតនៈទី៥
៣៖ ការពង្រឹងសមត្ថភាពក្រុមការងារពហុវិស័យ ក្នុងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ
និង៤៖ គាំទ្រឲ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះ ជួយជនរងគ្រោះដោយអំពើហិង្សា។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ក្នុងពេលការរីករាលដាលជំងឺកូវីដ១៩ យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា នៅក្នុងពិភពលោក ស្រ្តីប្រឈមនឹងអំពើហិង្សា រហូតដល់ទៅ៣១លាននាក់។

លោកស្រីថា ការកើនឡើង នៃចំនួនស្រ្តីរងគ្រោះ ដោយអំពើហិង្សាក្នុងអំឡុងពេលវីរ៉ីសកូវីដ១៩ ដោយសារការរឹតបន្តឹង មិនឲ្យមានការជួបជុំ ដើម្បីការពារការឆ្លង ដែលធ្វើឲ្យកន្លែងធ្វើការ មួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចឆ្លងវីរ៉ីស៕