(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតជម្រាបជូន លោក លោកស្រី អភិបាលរាជធានី-ខេត្ត ឲ្យជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដាន ការអនុវត្ដវិធានការការពាររលកទី២ នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។
នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ការចម្លងនៃវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់ណាស់ គឺមានជាង៤.៥លាននាក់ ដែលឆ្លង និងមាន ករណីស្លាប់ជាង៣០ម៉ឺននាក់ បើយោងតាមការវាយតម្លៃហានិភ័យនៃការចម្លង និងរបាយការណ៍ដោយអង្គការសុខភាព ពិភពលោក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ស្ថានភាពចម្លងនៅក្នុងតំបន់ ក៏នៅមិនទាន់មានការ ធូរស្បើយដែរ ដោយសារកំណើននៃការចម្លងវីរុស កូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្ត មាននៅឡើយ។
ដូច្នេះ ថ្វីត្បិតតែស្ថានភាពជំងឺវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនមានរកឃើញ ករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធ សឹងជាករណីនាំចូលមកពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្ន ជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន៕
ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖