(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើឯកសារផែនការ៤ឆ្នាំ ស្តីពី «កិច្ចសហការរួមគ្នា ក្នុងភាពជាដៃគូសម្រាប់ កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាល អំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ធផលិតកម្មស្បៀង»

ឯកសារនេះ ត្រូវបានចុះហត្ថលេខា ដោយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា និងមានការចូលរួមពី លោករដ្ឋលេខាធិការ លោកស្រី អនុរដ្ឋលេខាធិការ លោកប្រតិភូកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកវិទ្យាស្ថាន CARDI ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រលើផែនការនេះ ហើយតាមរយៈ Dr. Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះវិទ្យាស្ថាន IRRI ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវ នៅកម្ពុជា ជាងនេះទៅទៀត បានរួមចំណែកធ្វើឲ្យគុណភាពអង្ករកម្ពុជា ត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថា ជាអង្ករមានគុណភាពល្អបំផុត។

លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយ ដល់ផលិតកម្មដំណាំស្រូវ ឲ្យមានការរីកចម្រើនមួយកម្រិតទៀត រួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ ឲ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ ជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការ លើការអនុវត្តផែនការ៤ឆ្នាំ ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀត ទាំងការងារវិទ្យាសាស្រ្ត បច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយ នាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ អ្វីដែលសំខាន់គឺត្រូវគាំទ្រ និងលើកទឹកចិត្ត ឲ្យវិស័យឯកជនចូលរួមក្នុងការផលិត គ្រប់គ្រង និងផ្គត់ផ្គង់ពូជស្រូវ ឲ្យដៃគូផលិត ធ្វើយ៉ាងនេះទើបយើង អាចធានាបានទាំងបរិមាណ និងគុណភាពអង្ករតាមតម្រូវការទីផ្សារ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ឯកសារផែនការ៤ឆ្នាំ ដែលបានចុះហត្ថលេខានាពេលនេះ គឺមានសារសំខាន់ក្នុងការបំពេញ និងពង្រឹងបន្ថែមទៅលើចំណុចខ្វះខាត នៃការអនុវត្តបច្ចេកទេស ការងារបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយពូជស្រូវកម្ពុជា ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ លើកកម្ពស់ គុណភាពអង្ករ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងឈាន ទៅសម្រេចគោលនយោបាយ នៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក នាពេលអនាគតដ៏ខ្លី។

ឆ្លៀតយកឱកាសនេះ Dr. Yurdi Yasmi បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើការចុះហត្ថលេខា លើឯកសារផែនការ ៤ឆ្នាំ ដែលទាក់ទងនឹង «កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាល អំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ធផលិតកម្មស្បៀង»

Dr. YASMI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវិទ្យាស្ថាន CARDI និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវពង្រឹង និងពង្រីកដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មស្រូវកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត តាមរយៈពង្រីក ការងារស្រាវជ្រាវផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងការរៀបចំគោលនយោបាយសំខាន់ៗ ទាក់ទងផលិតកម្មស្រូវកម្ពុជា និងការនាំចេញ។

សូមជម្រាបជូនថា វិទ្យាស្ថាន IRRI បានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិវឌ្ឍផលិតកម្មដំណាំស្រូវតាំងពីឆ្នាំ១៩៦៣។ បន្ទាប់ពីរបបប៉ុលពតត្រូវ បានបញ្ចប់ នៅឆ្នាំ១៩៨៥ ទើបកិច្ចសហប្រតិបត្តិការចាប់ផ្តើមដំណើរការឡើងវិញ។ នៅឆ្នាំ១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខា លើឯកសារ MOU ជាមួយ IRRI ហើយ MOU នេះ ត្រូវបានពន្យារសុពលភាពរៀងរាល់ ៥ឆ្នាំម្តង។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីកម្ពុជាទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗចំនួន០៤៖ គឺទី១៖ ការអភិវឌ្ឍធនធានមនុស្ស, ទី២៖ ការកសាងហេដ្ឋរចនា សម្ព័ន្ធ ស្រាវជ្រាវ និងមន្ទីរពិសោធន៍, ទី៣៖ ការស្រាវជ្រាវ និងបញ្ចេញពូជស្រូវល្អៗជូនដល់កសិករ និងទី៤៖ ការងារអភិរក្ស ពូជស្រូវប្រពៃណីរបស់កម្ពុជា ជាង៦០០០សំណាក យកមកធ្វើការវាយតម្លៃ និងកំណត់លក្ខណៈក្សេត្រវិទ្យា ព្រមទាំងមានការចង ក្រងឯកសារវិទ្យាសាស្រ្តតម្កល់រក្សាទុក ឲ្យអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយទៀតផង -ល-៕