(ហ្សាកាតា)៖ សារព័ត៌មាន Xinhua ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានមនុស្សចំនួន៧នាក់បានស្លាប់ ក្នុងនោះ៥នាក់ជាក្រុមអ្នកវាយប្រហារ និងមនុស្ស២០នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្ម នៅក្នុងរដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ី នេះបើតាមការបញ្ជាក់ពីលោក M. Iqbal អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី បានឲ្យដឹងយ៉ាងដូច្នេះ។
ក្រុមអ្នកវាយប្រហារ បានបើកការវាយប្រហាររបស់ខ្លួន នៅឯស្ថានីយប៉ូលិសមួយកន្លែង និងនៅជិតហាងកាហ្វេមួយកន្លែងទៀត ដែលមានចម្ងាយប្រមាណ ៥០ម៉ែត្រពីគ្នា ដោយវាជាតំបន់ទិញដូរទំនិញដ៏មមាញឹក។
«ពីរនាក់នៃក្រុមអ្នកវាយប្រហារ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និង៣នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយប៉ូលិសមុនពេលដែលពួកគេ គ្រោងនឹងធ្វើការវាយប្រហារ» នេះបើតាមអ្នកនាំពាក្យប៉ូលិស បានឲ្យដឹងនៅកន្លែងកើតហេតុ។ រីឯមនុស្ស២នាក់ទៀត ដែលបានស្លាប់ នៅក្នុងការវាយប្រហារនេះមានជនជាតិហូឡង់ម្នាក់ និងឥណ្ឌូនេស៊ីម្នាក់។ អ្នករងរបួសទាំង២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយចំនួន នៅក្នុងទីក្រុង ដើម្បីទទួលការព្យាបាល។
សូមជំរាបថា ហេតុការណ៍ផ្ទុះគ្រាប់បែកដំបូង បានកើតឡើង នៅវេលាម៉ោងប្រមាណ១០៖៤៥នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយបន្ទាប់មកមានហេតុការណ៍ផ្ទុះចំនួន២ទៀត និងការបាញ់ប្រហារ ដោយជនសង្ស័យជាក្រុមឧទ្ទាម ហើយរហូតមកដល់ពេលនេះ ក្រុមឧទ្ទាមរដ្ឋឥស្លាម ដែលកំពុងគម្រាមកំហែងពិភពលោក បានអះអាងថា គឺជាទង្វើនៃសមាជិកក្រុមរបស់ខ្លួន លើហេតុការណ៍វាយប្រហារដោយភេរវកម្មនេះ៕