(ភ្នំពេញ)៖ កម្លាំងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៨នាក់ និងស្ត្រីជនជាតិភូមាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើករណីស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធលើករណី «បង្ខាំងមនុស្សដោយខុសច្បាប់» ប្រព្រឹត្តលើជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា ព្រមទាំងជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ។

សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស របស់អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន០៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ ដែលមានជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។

តាមរបាយការណ៍ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុង ខែ០៣ ឆ្នាំ២០២០មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើសដែលសុទ្ធតែ ជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ហើយនៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារ ទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាព នៅប្រទេសចិននាពេលនោះ កំពុងត្រូវបានជំងឺកូវីដ១៩រាតត្បាត បានធ្វើឱ្យបងប្រុសរបស់ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិន បានក៏បានពន្យាពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែ០៥ ឆ្នាំ២០២០នេះ ទើបបងប្រុសជនរងគ្រោះ បានធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរករំដោះប្អូនប្រុសរបស់ខ្លួន។

ក្រោយពីអាវុធហត្ថ បានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅ ក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប និងឆេកឆេរបន្ទប់ចំនួន៤ ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១០នាក់ (បុរសចិន០៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរ ជាអ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ ឱ្យមានសេរីភាព។

ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនរួមមានទី១៖ ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន, ទី២៖ ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន, ទី៣៖ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ទី៤៖ សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, ទី៥៖ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ទី៦៖ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន, ទី៧៖ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ទី៨៖ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន និងទី៩៖ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា។

ក្រោយពេលសាកសួរ និងស៊ើបអង្កេតតាមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន ០៩នាក់ បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់៕