(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យអប់រំ សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងអូស្ត្រាលី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលប្រកបដោយផ្លៃផ្កា ។ ជាក់ស្តែង, ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលអូស្ត្រាលី ក៏បានជួយបន្ថែមទៀតដល់វិស័យសុខាភិបាល ក៏ដូចជាបានតម្រឹមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន សំដៅជួយស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ឯកអគ្គរដ្ឋទូត Pablo Kang បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះ សម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង, និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហឹង្សា និងជនពិការ។

លោកបន្តថា បន្ថែមលើនេះ, ក៏មានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៅជនបទផងដែរ មានដូចជា ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ជាដើម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលីដែល បន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ និងបានចូលរួមយ៉ាងសកម្ម និងទាន់ពេលវេលាក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ។ បច្ចុប្បន្ន, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចស្ថានភាពនៃធុរកិច្ច រួមទាំងវិនិយោគពីបរទេស ដែលកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរធនធានហិរញ្ញវត្ថុសម្រាប់អនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ភាគីទាំងពីរនឹងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀត៕