(ភ្នំពេញ)៖ តាមការគ្រោងទុកសមាជិកទាំង ៩រូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែមករា ស្អែកនេះ នឹងជ្រើសតំណែងអគ្គលេខាធិការថ្មីមួយរូប និងអគ្គលេខាធិការរង ៤រូប ដើម្បីជួយប្រតិបត្តិការងារតាមការចង្អុលបង្ហាញ របស់ខ្លួន។ នៅមុនការឈានមកដល់ នៃការជ្រើសតាំងតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ ការរិះគន់ជាច្រើនបាន ផ្ទុះឡើង និងបានសម្តែងអារម្មណ៍ទោមនស្សជាខ្លាំង ចំពោះបេក្ខភាពរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នាពេលបច្ចុ ប្បន្ន ពោលក្រុមអ្នករិះគន់ ដែលមានទាំងមន្រ្តីអង្គការសង្គមស៊ីវិលផងនោះ ហាក់មិនចង់ឃើញវត្តមាន លោក ទេព នីថា បន្តកាន់ តំណែងនេះទៀតឡើយ។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ គ.ជ.ប បានចម្រាញ់យកបេក្ខភាព ១៥រូប សម្រាប់មកពិនិត្យលក្ខណៈសម្បត្តិចុង ក្រោយនៅថ្ងៃទី១៥ ខែមករា ទៅធ្វើជាអគ្គលេខាធិការ ០១រូប និង អគ្គលេខាធិការរង ៤រូប របស់ គ.ជ.ប។ បេក្ខភាពទាំង ១៥រូប នេះ ត្រូវបានជម្រុះចេញពីបេក្ខភាព ១២៤រូប ដែលបានដាក់ពាក្យប្រកួតប្រជែង។
បេក្ខភាព នៃតំណែងអគ្គលេខាធិការ គ.ជ.ប ៣រូបចុងក្រោយនេះរួមមាន៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក ហេង មណីចិន្តា ប្រធានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និង លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា។ ដោយឡែកបេក្ខភាព នៃតំណែងអគ្គលេខាធិការរង គ.ជ.ប ១២រូប រួមមាន៖ លោក ម៉ៅ សុភារិទ្ធ ជាមេធាវី, លោក សំ សុគង់ ជាមេធាវី, លោក គឹម ឈន បុគ្គលិកអង្គការខុមហ្រ្វែល, លោក សោម សូរីដា មន្រ្តី គ.ជ.ប, លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និងជំនួយការច្បាប់អង្គ ការនិកហ្វិច, លោក នី ចរិយា បុគ្គលិកសមាគមការពារសិទ្ធិមនុស្ស, លោក តាន់ ប៊ុនវីរៈ មន្រ្តីរាជការក្រសួងហិរញ្ញវត្ថុ, លោក ណេ ហ្សូនី មន្រ្តីកម្មវិធីជាន់ខ្ពស់ នៃអង្គការ NDI, លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរង គ.ជ.ប, លោក រស់ សូ និពន្ធនាយក Cia News, លោក យ៉ត ប៊ុននី បុគ្គលិកអង្គការ Pact Cambodia និងអ្នកស្រី លឹម ច័ន្ទលីដា ក្រុមប្រឹក្សាគណៈមេធាវី។
បេក្ខភាពអគ្គលេខាធិការ និងអគ្គលេខាធិការរងទាំង ១៥រូបនេះ លោក ទេព នីថា គឺជាបេក្ខភាបមួយរូប ដែលនាំឲ្យមានការរិះគន់ និងសម្តែងអារម្មណ៍ទោមនស្សពីបុគ្គលមួយចំនួន រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។ ពួកគេមិនចង់ឃើញវត្តមាន លោក ទេព នីថា បន្តអង្គុយកៅអីអគ្គលេខាធិការទៀតនោះឡើយ។ រហូតមានអ្នកខ្លះបានលើកឡើងថា បេក្ខភាពរបស់លោក ទេព នីថា ឈានមកដល់ការជម្រុះចុងក្រោយនេះ ដោយសារតែលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដែលគេធ្វើការចោទប្រកាន់ថា មាន ភាពលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា ជាអ្នកជួយជ្រោមជ្រែង។ អ្នកខ្លះទៀត បានចោទលោក ហង្ស ពុទ្ធា ថា ទទួលបាន លុយរាប់លានដុល្លារ ដើម្បីគាំទ្រលោក ទេព នីថា ឲ្យដណ្តើមបានតំណែងអគ្គលេខាធិការ គ.ជ.ប។
ពាក្យនិន្ទារិះគន់បង្កប់ដោយពាក្យអសុរោះផងនោះ បានធ្វើឲ្យលោក ហង្ស ពុទ្ធា ដែលជាសមាជិកទី៩ នៃ គ.ជ.ប កើតចេញពីការ ព្រមព្រៀងរបស់គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ មានអារម្មណ៍អាក់អន់ស្រពន់ចិត្តផងដែរ ចំពោះការចោទ ប្រកាន់ ទាំងរូបលោក និងសមាជិកដទៃទៀត បាននិងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីភាពស្អាតស្អំរបស់ គ.ជ.ប ក៏ដូចជាជួយឲ្យកម្ពុ ជាចៀសផុតពីជម្លោះរាល់ពេល នៅក្រោយការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការជ្រើសតំណែងនេះ គឺអនុលោមទៅតាមមាត្រា៦៤ នៃច្បាប់ គ.ជ.ប ដែលបានចែងថា ការ ផ្លាស់ប្តូរ និង តែងតាំងអគ្គលេខាធិការ អគ្គលេខាធិការរង មន្រ្តី និងបុគ្គលិក គ.ជ.ប ត្រូវធ្វើឡើងដោយអនុលោម តាមបទប្បញ្ញត្តិ នៃច្បាប់។ ក្នុងមាត្រា៥៥ បានបញ្ជាក់ទៀតថា តំណែងទាំងនេះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើររបស់ប្រធាន គ.ជ.ប បន្ទាប់ពីបានយោបល់យល់ស្របតាមសំលេងភាគច្រើនដាច់ខាត នៃសមាសភាព គ.ជ.ប។
លោក ហង្ស ពុទ្ធា បានស្នើឲ្យអ្នករិះគន់ទុកលទ្ធភាពឲ្យសមាជិក គ.ជ.ប ទាំង ៩រូប បានធ្វើការងារដោយឈរលើស្មារតី នៃមាត្រា ១៣ នៃច្បាប់ គ.ជ.ប ដែលបានកំណត់ថា ប្រធាន អនុប្រធាន និង សមាជិក គ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬ ស្ថាប័នណាមួយឡើយ។
អ្នកនាំពាក្យ ដែលអតីតជានាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) បានលើកឡើងថា «ការសម្លឹងមើលអ្វីមួយ តែមួយជ្រុង ដោយភ្នែកខ្មៅងងឹង នឹងមិនអាចមើលឃើញពន្លឺ នៃភាពត្រឹមត្រូវបាននោះឡើយ។ ខ្ញុំសូមឲ្យទុកលទ្ធភាព ទុកឱកាស ឲ្យសមាជិក គ.ជ.ប បានធ្វើការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់។ យើងមានទំនួលខុសត្រូវ ចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងរដ្ឋ សភា»។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា តំណែងអគ្គលេខាធិការ គឺជាសមាសភាពជំនួយការ ដែលធ្វើតាមការចង្អុលបង្ហាញរបស់ថ្នាក់ ដឹកនាំ គ.ជ.ប។ តំណែងអគ្គលេខាធិការ មិនមែនជាខ្សែញាក់ឲ្យស្ថាប័ន គ.ជ.ប ពីល្អទៅក្រក់ ឬពីអាក្រក់ទៅល្អ នោះឡើយ។
លោក បានធ្វើការប្រៀបធៀបទៀតថា ស្ថាប័ន គ.ជ.ប ចាស់មានអគ្គលេខាធិការតែមួយរូប និង អគ្គលេខាធិការរងមួយរូប។ តែ ស្ថាប័ន គ.ជ.ប ថ្មី នេះ មានអគ្គលេខាធិការមួយរូប និង អគ្គលេខាធិការរង ៤រូប ដូច្នេះអគ្គលេខាធិការមិនអាចធ្វើការសម្រេចអ្វី បានតែទាំងអស់ ក្រៅតែពីធ្វើតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គ.ជ.ប តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្មីកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ សមាជិកជាក្បាលម៉ាស៊ីនថ្មីចំនួន ៩រូប ត្រូវបានកើតចេញពីកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណ បក្សសង្រ្គោះជាតិ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ក្នុងនោះសមាសភាប ៤រូបជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបជ្រើសរើសដោយគណបក្សសង្រ្គោះជាតិ និង ០១រូប ទៀត ជ្រើសរើសដោយការព្រមព្រៀង នៃគណបក្សទាំងពីរ។
សមាជិកក្បាលម៉ាស៊ីន របស់ គ.ជ.ប ថ្មី រួមមានលោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ធ្វើជាប្រធាន និង លោក គួ យ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ធ្វើអនុប្រធាន។ លោក មាន សទិ លោក រ៉ុង ឈុន លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត អ្នកស្រី តែ ម៉ានីរ៉ុង និងលោកបណ្ឌិត ហង្ស ពុទ្ធា ជាសមាជិក។
គ.ជ.ប ថ្មី កើតចេញពីកិច្ចព្រមព្រៀងគណបក្សជាប់ឆ្នោតទាំងពីរ បានធ្វើការកែប្រែច្បាប់លក្ខន្តិកៈ ព្រមទាំងនីតិវិធីចុះឈ្មោះអ្នក បោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោយរំពឹងថា នឹងធ្វើឲ្យដំណើរការបោះឆ្នោតនាអាណត្តិក្រោយៗ បានប្រព្រឹត្តទៅប្រកប ដោយតម្លាភាព យុត្តិធម៌ អាចឲ្យគ្រប់គណបក្សទទួលយកបាន និង គ្មានអ្នកឡាំប៉ា៕