(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចនាព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ កម្លាំងនគរបាលចរាចរណ៍ នឹងចាប់ផ្តើមបើកប្រតិបត្តិការត្រួតពិនិត្យឡើងវិញ រាល់ឯកសារដែលពាក់ព័ន្ធ នឹងយានយន្តទាំងអស់ (ត្រួតពិនិត្យឡើងវិញ នៅលើអ្វីដែលក្រសួងបានផាកនាពេលកន្លងមក)។
ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានរូបនោះ បានអះអាងថា ការសម្រេច និងកំណត់ការត្រួតពិនិត្យឡើងវិញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នាល្ងាចថ្ងៃទី១៤ ខែមករានេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអន្តរក្រសួង និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ផងដែរ។
ក្រៅពីនោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់បន្ថែមថា ការបើកប្រតិបត្តិនេះអគ្គស្នងការនគរបាលជាតិ និងបន្ថែម កម្លាំងនគរបាលចរាចរណ៍ថែមទៀត ទាំងវេនយប់ និងទាំងវេនថ្ងៃ ដោយផ្តោតទៅលើការត្រួតពិនិត្យល្បឿនយានយន្ត (បាញ់ល្បឿនឡាន) និងជាពិសេស ត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលបើកបរ នាពេលយប់។ ការអះអាងរបស់លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា បែបនេះ ធ្វើឡើងដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឧត្តមសេនីយ៍រូបនោះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ប្រញាប់រួសរាន់ ទៅបំពេញនិងធ្វើឯកសារ ដែលពាក់ព័ន្ធ នឹងយានយន្តទាំងអស់ ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានគ្រប់ៗគ្នាដើម្បីជៀសវាងការផាកពិន័យ៕