(ភ្នំពេញ)៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំរបស់ពួកគេចំនួនប្រាំបីចំណុចសម្រាប់របបគ្រប់គ្រងរបស់ពួកគេ។
គោលនយោបាយទាំង៨ចំណុចរបស់ពួកគេនោះរួមមាន៖
១៖ ជម្លៀសប្រជាជនចេញពីទីក្រុង ហេីយបែងចែកជា២ ប្រភេទ គឺប្រជាជន ដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃទី១៧ មេសា គេឲ្យឈ្មោះថាជាប្រជាជនចាស់។ រីឯប្រជាជន ដែលទេីបជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រោយថ្ងៃទី១៧ ខែមេសា គេហៅថា ប្រជាជនថ្មី ឬពួក ១៧ មេសា។
២៖ លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី
៣៖ លុបំបាត់ចោលរូបិយប័ណ្ណ និងការចាយលុយ
៤៖ លុបបំបាត់សាសនា ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហេីយបញ្ជូនឱ្យទៅធ្វេីស្រែ
៥៖ សម្លាប់ចោលទាំងអស់ រាល់ទាហាន មន្ត្រី ដែលធ្វេីការឱ្យរបប លន់ ណុល
៦៖ បង្កេីតសហករសុីរួម ធ្វើការរួម នៅទូទាំងប្រទេស
៧៖ បណ្តេញជនជាតិវៀតណាម ឱ្យចេញអស់ពីប្រទេសកម្ពុជា
៨៖ ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។
ផ្តើមចេញពីការនូវគោលនយោបាយពោរពេញដោយការចងកំហឹង ចងអាឃាដនេះហើយ ទើបនៅក្រោយវាយដណ្តើមបានក្រុងភ្នំពេញ ឈានទៅគ្រប់គ្រងប្រទេសទាំងស្រុងនោះ ក្រុមមេដឹកនាំរបបខ្មែរក្រហម ដែលគេប្រសិទ្ធនាមថា «របបកម្ពុជាប្រជាធិបតេយ្យ» នោះ ក្រុមមេដឹកនាំនៃរបបនេះ បានអនុវត្តន៍គោលនយោបាយរបស់ពួកគេ។
គោលនយោបាយដ៏ព្រៃផ្សៃរបស់ពួកគេ បានសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការយ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ រយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) របបខ្មែរក្រហម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារការសម្លាប់ក្រោមការចោទថាក្បត់អង្គការ ស្លាប់ដោយការអត់ឃ្លាន ជំងឺតម្កាត់ ហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់យ៉ាងវេទនាខ្លោចផ្សាជាទីបំផុត។
ក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំក្រោមចលនាតស៊ូរបស់ខ្មែរដឹកនាំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩នោះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៨៣ សភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់យកថ្ងៃនេះជាថ្ងៃប្រារព្ធ «ទិវាចងកំហឹង»។ ការប្រារព្ធទិវានេះ ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់បែបនេះរួចមក រាល់ថ្ងៃទី២០ ខែឧសភា ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រារព្ធទិវាចងកំហឹងនេះ ដោយបានលើកបង្ហាញ និងរំលឹកដល់អំពើព្រៃផ្សៃ និងទុក្ខវេទនាទាំងឡាយនៅក្នុងរបបប្រល័យពូជសាសន៍។ តែក្រោយពេលកម្ពុជាបង្កើតព្រះរាជាណាចក្រទីពីរ បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ «ទិវាចងកំហឹង» ត្រូវបានរាជរដ្ឋាភិបាលប្រែក្លាយពីពាក្យ «ចងកំហឹង» ទៅជា «ចងចាំ» វិញ។
លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២ នៃអនុក្រឹត្យនេះ ចែងថា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបាន ផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕