(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានប្រកាសជំហរគាំទ្រដល់យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ នៅក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការតាមបណ្តារាជធានី-ខេត្ត។
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលលោក គី តិច បានសម្តែងការពេញចិត្តចំពោះយុទ្ធនាការ ដ៏មានសារសំខាន់ និងប្រកបដោយការគិតគូរ ឈ្លាសវៃ របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្នុងនោះគឺ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដោយស្របទៅតាមនីតិវិធី និងតាមគោលការណ៍ច្បាប់ , ការដោះស្រាយប្រកបដោយភាពស្អាតស្អំ និងដោយមិនជ្រៀតជ្រែក ចំពោះឯករាជ្យភាព របស់តុលាការ។ លោក គី តិច បានបញ្ជាក់ថា នឹងចូលរួមសហការពេញទំហឹង ផ្តល់ជូនសេវាការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន តាមតម្រូវការ និងគ្រប់ករណី លើយុទ្ធនាការនេះ។
សូមជំរាបថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសអំពីការដាក់ចេញនូវយុទ្ធនាការដ៏ធំមួយ ក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការ។ ការកកស្ទះសំណុំរឿងនេះ បានបណ្តាលឱ្យមានអ្នកជាប់ឃុំកាន់តែច្រើននៅពន្ធនាគារ ធ្វើឱ្យកាន់តែមានភាពចង្អៀតណែន។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការរាជធានី-ខេត្តនេះ ត្រូវការការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសតុលាការតាមបណ្តារាជធានី-ខេត្ត។ លោកបានព្រមានទុកមុនមិនអត់ឱនចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ លោកចាត់ទុកថា យុទ្ធនាការនេះមិនមែនជាការជ្រៀតជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័នតុលាការនោះទេ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំ សរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។ ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់ មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់ ១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលបានធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ៕