(កោះកុង)៖ ឆ្នាំ២០២០នេះ កូនអណ្ដើកហ្លួងចំនួន ២៣ក្បាល បានញាស់ចេញពីសំបុកនៅលើឆ្នេរខ្សាច់ចំនួនពីរតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។ ចំនួននេះ ច្រើនជាងចំនួនកូនអណ្ដើកហ្លួងសរុប ដែលញាស់បានក្នុងរយៈពេលបីឆ្នាំកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។
កូនអណ្ដើកហ្លួងទាំង ២៣ក្បាលនេះ បានញាស់ចេញពីសំបុកចំនួន០៣ ដែលក្រុមការពារសំបុកសហគមន៍បានរកឃើញ និងបានការពារនៅលើឆ្នេរខ្សាច់ ០២ទីតាំង ស្ថិតនៅតាមប្រព័ន្ធព្រែកស្រែអំបិល។ សំបុកមួយក្នុងចំណោមសំបុកទាំងបីត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយដែលអណ្ដើកហ្លួងធ្លាប់ពងរៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀត ត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់ថ្នីមួយតាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិនដែលមកពងកូនតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ សំបុកអណ្តើកហ្លួងទាំង០៣សំបុកនេះ មានពងសរុប ៥១ ក៏ប៉ុន្តែមានតែ ២៣ពង ប៉ុណ្ណោះបានញាស់ ចំណែកឯពងដែលនៅសេសសល់ខូចដោយមិនដឹងមូលហេតុ។
អង្គការ WCS ចាត់ទុកថា ជោគជ័យនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងលើការងារអភិរក្សរបស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយជាលទ្ធផលនៃការផ្សព្វផ្សាយសារាចរ និងសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាសលេខ១៣៣ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា «កំណើននៃចំនួនកូនអណ្ដើកហ្លួងនេះបង្ហាញថា ក្រុមការងារអភិរក្សដែលកំពុងធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាល សម្រេចបាននូវជោគជ័យលើការងារអភិរក្សយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ យើងសង្ឃឹមថាចំនួនអណ្ដើកហ្លួង នឹងបន្តកើនឡើងកាន់តែច្រើននាពេលអនាគត»។
អណ្តើកហ្លួង ឬមានឈ្មោះថាវិទ្យាសាស្ត្រថា Batagur affinis ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជបំផុត និងជាប្រភេទមួយក្នុងចំណោមប្រភេទអណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក និងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ជាឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានការពារដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស លេខ១៣៣ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។ ប្រកាសនេះនឹងមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម»។
លោក វិបុល បានបន្ថែមថា «រដ្ឋបាលជលផលបានធ្វើការងារយ៉ាងសកម្មជាមួយអង្គការ WCS ដើម្បីអភិរក្សអណ្តើកហ្លួង តាមរយៈសកម្មភាពការពារទីជម្រក ឆ្នេរខ្សាច់ ការស្រាវជ្រាវ និងតាមដាន កម្មវិធីការពារសំបុក ការបង្កើតសហគមន៍នេសាទ និងការងារលើកស្ទួយជីវភាពសហគមន៍នានា»។
សហភាពអឺរ៉ុបកំពុងតែផ្ដល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា ដោយមានអង្គការ WCS និងរដ្ឋបាលជលផលជាដៃគូ ដើម្បីប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងការការពារសំបុកអណ្ដើកហ្លួង។ សហភាពអឺរ៉ុប ក៏ជាដៃគូដ៏សំខាន់មួយផងដែរ ដែលគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗ ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
ចំណែកលោកស្រី ខាមឹន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានឲ្យដឹងថា «កំណើននៃកូនអណ្ដើកហ្លួងនេះ គឺជាព័ត៌មានដ៏អស្ចារ្យសម្រាប់ប្រភេទដ៏សំខាន់ ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុត។ យើងខ្ញុំសូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា អង្គការ WCS ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារប្រភេទអណ្ដើកហ្លួងនេះ ប្រកបដោយជោគជ័យ ដែលបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្ត ក្នុងការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា»។
គេជឿថា អណ្តើកហ្លួង ឬអណ្តើកសរសៃបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូច នៅសេសសល់តាមដងព្រែកស្រែអំបិល។ ចាប់តាំងពីពេលនោះមក អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានបង្កើតកម្មវិធីការពារសំបុកអណ្ដើកហ្លួងនៅតាមសហគមន៍ ដោយប្រើអតីតអ្នកប្រមួលពងអណ្តើកហ្លួងឱ្យចូលរួមក្នុងកម្មវិធីអភិរក្ស ដែលរួមមានសកម្មភាពស្វែងរកពងអណ្តើក និងការពារសំបុកអណ្តើក ចៀសជាងប្រមូលយកពងរបស់វាទៅលក់ និងបរិភោគ។
អង្គការ WCS បានបន្តអនុវត្តកម្មវិធីការពារសំបុកដោយសហការជាមួយសហគមន៍នេសាទនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង និងស្រុកកំពង់សិលាខេត្តព្រះសីហនុ និងជាមួយរដ្ឋបាលជលផលចាប់តាំងពីឆ្នាំ២០០៣ មក។
លោកស្រីបណ្ឌិត សុនចា លូហ្ស (Dr. Sonja Luz) នាយកផ្នែកអភិរក្ស និងស្រាវជ្រាវ និងសេវាពេទ្យសត្វ នៃសួនសត្វស៉ីងហ្គាពួរ (Wildlife Reserves Singapore) បានថ្លែងថា «យើងមានសេចក្តីរីករាយឥតឧបមា ដោយបានឃើញលទ្ធផលវិជ្ជមាននៃកិច្ចសហការ ក្នុងភាពជាដៃគូក្នុងការអភិរក្សអណ្ដើកហ្លួង នៅក្នុងទីជម្រកធម្មជាតិរបស់វា។ កំណើននៃកូនអណ្ដើកហ្លួងនេះ បង្ហាញថាកិច្ចខិតខំប្រឹងប្រែងរបស់យើង កំពុងតែចាប់ផ្ដើមចេញផ្លែផ្កាហើយ។ យើងទន្ទឹងរង់ចាំបន្តភាពជាដៃគូនេះ ជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីគាំទ្រដល់ការងារអភិរក្សអណ្ដើកហ្លួង ដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុតទាំងនេះ»៕