(ព្រះវិហារ)៖ សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បានលេចចេញជារូបរាងហើយ គឺរង្វង់មូលស្រអែម ដែលស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ រង្វង់មូលដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយនេះ នឹងត្រូវរៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា រង្វង់មូលស្រអែមនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ។ រង្វង់មូលនេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកទទួលសាងសង់។
លោកប្រធានមន្ទីរ ក៏បានគូសបញ្ជាក់ផងដែរថា រង្វង់មូលស្រអែមនេះ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌុលព្រះវិហារ, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក, លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ និងអាជ្ញាធរប្រាសាទព្រះវិហារ។ ដោយឡែក លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបច្ចុប្បន្ន ថ្វីត្បិតតែលោកទើបមកកាន់តំណែងក្រោយក៏ពិតមែន តែលោកតែងចុះពិនិត្យមើលការកសាងរង្វង់មូលនេះជាប្រចាំ និងបានធានារកប្រាក់បន្ថែមសម្រាប់កសាងរង្វង់មូលនេះ។ រង្វង់មូលនេះកសាងអស់ថវិកា ១២៥,០០០ដុល្លារអាមេរិក ដែលថវិកាទាំងនេះ បានមកពីការចូលរួមចំណែក ពីសប្បុរសជនជាច្រើន។
លោក សំ លាងទ្រី បានគូសបញ្ជាក់ទៀតថា រង្វង់មូលស្រអែមនេះ ត្រូវបានសាងសង់យកតាមរចនាបទ ប្រាសាទព្រះវិហារប្រមាណ៧៥% នៃតួប្រាសាទទាំងមូល។ ការសាងសង់រង្វង់មូលស្រអែម ដែលមានការយឺតយ៉ាវកន្លងមក ដោយសារតែយកគំរូក្បូរក្បាច់រចនាទាំងអស់ ទៅឆ្លងជាមួយអាជ្ញាធរប្រាសាទព្រះវិហារ។ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃនេះ រង្វង់មូលស្រអែម បានសាងសង់រួចរាល់ជាស្ថាពរ ដោយមានដាំស្មៅ ដាំដើមឈើនិងបំពាក់ភ្លើងបំភ្លឺនៅពេលរាត្រី ដែលធ្វើឲ្យរង្វង់មូលនេះ កាន់តែមានសោភណ្ឌភាព និងភាពទាក់ទាញបំផុត សម្រាប់ប្រជាពលរដ្ឋខេត្តព្រះវិហារ ក៏ដូចជភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
លោកបានថ្លែងប្រាប់ថា ដើម្បីឲ្យផ្លូវជុំវិញរង្វង់មូលស្រអែមនេះ មានភាពធំទូលាយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រើប្រាស់ថវិកាជាតិដើម្បីពង្រីក ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្នុងស្មារតីលើកកម្ពស់ផលប្រយោជន៍ជាតិជាធំជាក់ជាមិនខាន៕