(ភ្នំពេញ)៖ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស.) របស់ក្រសួងយុត្តិធម៌ ដែលមានទាំងអស់៤ក្រុម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្តើមចុះធ្វើយុទ្ធនាការ នៅតាមគោលដៅរៀងៗខ្លួនហើយ។
យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា៖
* ក្រុមការងារទី១៖ គ.យ.ក.ស. បានចុះបំពេញការងាររបស់ខ្លួនហើយ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ប៉ែន ពេជ្រសាលី អនុប្រធានក្រុមការងារទី១នៃ គ.យ.ក.ស. និងជាប្រធានក្រុមការងារតំបន់២ នៃក្រុមការងារទី១ គ.យ.ក.ស រួមជាមួយសហការីមួយចំនួនទៀត។
* ក្រុមការងារទី២៖ លោក ឡុង នរិន្ទ ប្រធានក្រុមការងារទី២ នៃគ.យ.ក.ស បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា នៃក្រុមការងារទី២ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សារៀបចំផែនការសកម្មភាពការងារ ត្រៀមចុះបំពេញបេសកកម្ម លើយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង ក្នុងដែនសមត្ថកិច្ចរបស់ក្រុមការងារទី២ នៃគ.យ.ក.ស នាពេលខាងមុខនេះ។
* ក្រុមការងារទី៤៖ គ.យ.ក.ស. បានចុះបើកយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ជិន ម៉ាលីន ប្រធានក្រុមការងារទី៤ នៃគ.យ.ក.ស. រួមជាមួយសហការីមួយចំនួនទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ដោយបែងចែកក្រុមការងារជា ៤ក្រុម ហើយលោកបានអះអាងថា នឹងទទួលបានជោគជ័យលើកកិច្ចការនេះ។ ក្រុមការងារទាំង ៤នេះ មានលេខាធិការដ្ឋាន មួយសម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។
ក្រុមការងារសម្រាប់ដោះស្រាយការកកស្ទះសំណុំរឿងនេះ រួមមាន៖ ក្រុមទី១ ដឹកនាំដោយលោក គឹម សន្តិភាព ទទួលបន្ទុករាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានសំណុំរឿងច្រើនជាងគេ, ក្រុមទី២ ដឹកនាំដោយលោក ឡុង ណារិន្ទ ទទួលបន្ទុកតំបន់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ, ក្រុមទី៣ ដឹកនាំដោយលោក ជីវ សុងហាក់ ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង, និងក្រុមទី៤ ដឹកនាំដោយលោក ជិន ម៉ាលីន ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ។
លោក កើត រិទ្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាត់ សុច្ចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួន២ គឺ៖
* អភិក្រមទី១៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវអនុវត្តន៍ដោយផ្អែកលើមូលដ្ឋានច្បាប់ ជាពិសេសចំណាត់ការដោះស្រាយសំណុំរឿងត្រូវមានភាពម៉ឺងម៉ាត់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ បន្ថែមលើច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ក្រសួងយុត្តិធម៌ បានដាក់ចេញសេចក្តីណែនាំផ្លូវច្បាប់ ដើម្បីធានាដល់ការអនុវត្តអភិក្រមនេះផងដែរ។
* អភិក្រមទី២៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ត្រូវផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុច្ចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឲ្យមានជាដាច់ខាតនូវស្ថានភាព ត្រីងៀតឆ្លៀតពង នៅក្នុងយុទ្ធនាការនេះ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ៗថា ផ្អែកលើអភិក្រមទាំងពីរនេះ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមអនុវត្តន៍យុទ្ធនាការ បានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ នឹងត្រូវបានកត់ត្រាជាគុណសម្បត្តិការងារ ប៉ុន្តែផ្ទុយមកវិញ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបត្រីងៀតឆ្លៀតពង នឹងត្រូវកត់ត្រាទុកជាកំហុស ដែលនឹងត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ និងទាំងផ្នែកផ្លូវច្បាប់។
សូមជម្រាបផងដែរថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។ ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលបានធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ។
ទន្ទឹមនឹងការប្រកាសដាក់ចេញយុទ្ធនាការនេះ លោក កើត រិទ្ធ បានណែនាំប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍ចំនួន៣ រួមមាន៖ គោលការណ៍នៅក្នុងដំណាក់កាលអយ្យការ, គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ និងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ៕