(ក្រចេះ)៖ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងជំនាញផ្នែករដ្ឋបាលជលផលកាំពី រួមសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល ប៉ុស្តិ៍នគរបាលរដ្ឋបាល រកាកណ្តាល និងគណៈកម្មការសហគមន៍នេសាទ ចុះបង្ក្រាបបានឧបរណ៍នេសាទល្មើសច្បាប់មួយចំនួនធំ នៅចំនុចបឹងរំលាច ក្នុងក្រុងក្រចេះ។

លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ដោយមានការណែនាំចង្អុលបង្ហាញពីលោក ទ្រី សុភក្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ហើយកម្លាំងចម្រុះបានចុះបង្ក្រាប និងរឹបអូសបានឧបរណ៍នេសាទល្មើសច្បាប់មួយចំនួន រួមាន៖ លូស្បៃមុង និងលូសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន៣២មាត់លូ, របាំងស្បៃមុង និងរបាំងសាច់អួនក្រលាញឹកចំនួន៣២ខ្សែ ប្រវែង១៦០០ម៉ែត្រ, លបណរ៉ាវចំនួន០២គ្រឿង និងរបាំងចំនួន០១ខ្សែ ប្រវែង១២០ម៉ែត្រ, បង្គោលចម្រឹងឫស្សីឃ្លៃ ចំនួន៤៥០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន១៥គីឡូក្រាម និងបានដុតបំផ្លាញចោលវត្ថុតាង នៅកន្លែងតែម្តង។

លោក ម៉ុក ពន្លក បានបញ្ជាក់ទៀតថា បើទោះជាពេលនេះមិនទាន់ឈាន ចូលដល់រដូវបិទនេសាទក្តី ប៉ុន្តែការធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ស្បៃមុង និងសាច់អួនក្រលាញឹក (សាច់ប៉ាក់) គឺត្រូវច្បាប់ហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យប្រើឡើយ។

លោកបានបញ្ជាក់ទៀតថា បើបងប្អូនអ្នកនេសាទ នៅតែលួចធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ ថ្ងៃណាមួយសមត្ថកិច្ចចាប់ឃាត់ខ្លួន បាននឹងត្រូវទទួល ទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពីជលផល ដោយត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជា ប្រាក់ពី ៥,០០០,០០០រៀល ទៅ ៥០,០០០,០០០រៀល និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕