(ភ្នំពេញ)៖ ក្រុមហ៊ុន SCG ជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន និងជាម្ចាស់ឧបត្ថម្ភធំរបស់ក្លឹបបាល់ទាត់ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ២០១៦នៅថ្ងៃទី១៤ ខែមករា នេះ នាសណ្ឋាគារជូលីណា ដើម្បីប្រកាសជាផ្លូវការព្រឹត្តិការណ៍ដ៏ពិសេសនេះ ដែលក្រុមSCG MuangThong United និងប្រកួតជាមួយក្រុមK-Cement Cambodian All Stars នៅថ្ងៃទី១៦ មករា ឆ្នាំ២០១៥ នៅពហុកីឡាដ្ឋានអូឡាំពិក ។ការប្រកួតនេះក៏នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នផងដែរ ។
ការប្រកួតនេះ ដែលមានការទន្ទឹងរងចាំពីអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននៅកម្ពុជាពីព្រោះក្រុម K-Cement Cambodian All Stars ជាក្រុមជ្រើសរើសពិសេស ដោយសម្រិតសម្រាំងកីឡាករមានទេពកោសល្យ ជាច្រើននៅកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជាលោក ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។
ចំណែកក្រុម SCG MuangThong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ ដោយនៅរដូវកាលនេះ ក្រុមSCG MuangThong United បានជាប់លេខពីរនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសថៃ។
ក្នុងសន្និសីទកាសែត លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ២០១៦ ជា «ការបង្ហាញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SCG ក្នុងការក្លាយជាក្រុមហ៊ុនអាជីវកម្មប្រកបដោយនិរន្តរភាព ឈានមុនគេមួយនៅតំបន់អាស៊ាន ហើយខ្ញុំជឿថា ការប្រកួតនេះនឹងជួយពង្រឹងចំណងមិត្តភាពក្នុងចំណោមប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន ហើយព្រឹត្តិការណ៍នេះ ជាការស្វាគមន៍ចំពោះការចាប់ផ្តើសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬ AEC ព្រមទាំងអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ថៃផងដែរ»។
លោក រិទ្ធី សំណាង តំណាងប្រធានក្រុម K-Cement Cambodian All Stars និងជាប្រធានក្លិបភ្នំពេញក្រោនបាននិយាយថា«បន្ថែមពីការលើកកម្ពស់ស្តង់ដាបាល់ទាត់នៅកម្ពុជា នេះក៏ជាឱកាសសម្រាប់សកម្មភាពមនុស្សធម៌ផងដែរ ហើយការដែលក្រុមហ៊ុនSCG រៀបចំកម្មវិធីដ៏ធំបែបនេះ ជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះប្រទេសកម្ពុជា ហេតុនេះ ខ្ញុំមានមោទនភាពដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ»។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុម K-Cement Cambodian All Starsឲ្យដឹងថា «វិស័យកីឡាបាល់ទាត់កម្ពុជាកំពុងរីកចម្រើនឡើងជាលំដាប់ ហើយនេះជាឱកាសល្អមួយសម្រាប់បង្ហាញសមត្ថភាពរបស់យើង»។
គួរបញ្ជាក់ថា នេះជាផ្នែកនៃព្រឹត្តិការណ៍មួយ កីឡាករអាជីពក្នុងក្រុម SCG MuangThong United នឹងរៀបចំសកម្មភាពបណ្តុះបណ្តាលជំនាញបាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជាប្រមាណ ២០០នាក់ ក្នុងកម្មវិធី “Kick and Share by SCG” សំដៅជំរុញការលេងកីឡាក្នុងចំណោមកុមារ និងការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ៕