(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនវីតាល់ និងមីជាតិ បានដឹកនាំបុគ្គលិក រៀបចំកម្មវិធី ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដោយផ្ទាល់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីកម្ពុជា បានព្យាបាល អ្នកជំងឺទាំង១២២នាក់ ឱ្យជាសះស្បើយ ហើយមិនមានករណីស្លាប់។

លោក តិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុនវីតាល់ និងមីជាតិ បានឱ្យដឹងថា «ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងពេលវេលា និងកម្លាំងកាយ ទាំងចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រឈមដោយផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីព្យាយាមព្យាបាល អ្នកជំងឺឱ្យជាសះស្បើយ។ ស្មារតីមួយនេះ បង្ហាញពីការលះបង់ ដ៏វិសេសវិសាល និងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។ បើគ្មានគ្រូពេទ្យ ដែលមានស្មារតីលះបង់បែបនេះទេ យើងមិនអាចទស្សន៍ទាយដឹងថា តើអាយុជីវិតរបស់អ្នក១២២នាក់ ក៏ដូចជាប្រជាជនទូទៅនឹងទៅជាយ៉ាងណា នោះទេ»

ដើម្បីថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានពាំនាំយកនូវសម្ភារមួយចំនួនដូចជា៖ ផ្ទាំងគំនូរថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជួរមុខ ដោយមានស្នាមមេដៃ បុគ្គលិករបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការថ្លែងអំណរគុណ បណ្ណបរិភោគអាហារ ជុំគ្នាសម្រាប់ក្រុមគ្រូពេទ្យជួរមុខ នៅក្នុងភោជនីយដ្ឋានវ័នម៉រ បាច់ផ្ការ ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ ក្នុងមន្ទីរពេទ្រផងដែរ។

លោកសាស្រ្តាចារ្យ ងី ម៉េង នាយកគ្រប់គ្រងទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ថ្លែងអំណរគុណដល់បុគ្គលិក ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះអ្វីដែលបុគ្គលិកវីតាល់ និងមីជាតិ បានធ្វើឡើង នាពេលនេះ ព្រោះថាសកម្មភាពនេះ គឺជាសកម្មភាពដែលមានអត្ថន័យជ្រាលជ្រៅ មិនអាចកាត់ថ្លៃបានសម្រាប់ការកោតសរសើរ ការលើកទឹកចិត្ត និងការយល់ពីការលំបាករបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់របស់យើង។

បន្ថែមពីនេះទៀត លោកសាស្រ្តាចារ្យនាយក ងី ម៉េង បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបន្តរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ នៃរលកទី២ នៃវីរុសកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំកម្មវីធី ថ្លែងអំណរគុណនេះ ក្នុងមន្ទីពេទ្យដោយផ្ទាល់ វីតាល់ និងមីជាតិ ក៏បានផលិតវីដេអូ ថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជូរមុខ និងក្រសួងសុខាភិបាលដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ ទាន់ពេលវេលា និងបានបង្ហោះវីដេអូ នោះជាសាធារណៈ នៅថ្ងៃ ដែលអ្នកជំងឺកូវីដ-១៩ ចុងក្រោយបាន ជាសះស្បើយផងដែរ៕