(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តដាក់ផែនការរឹតបន្តឹតតាមច្រកព្រំដែន ច្រករបៀងនានា ដែលមាននៅក្នុងខេត្ត ដើម្បីទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីស្វែករកការងារធ្វើ ពិសេសផ្តោតសំខាន់ទប់ស្កាត់ការរីរាលដាល់ជំងឺកូវីដ១៩ ក៏ដូចជាពង្រឹង នូវការគ្របគ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ការដាក់ចេញផែនរឹតបន្តឹងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំង៣ប្រភេទ បានចូលរួមនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក អ៊ុ រាត្រី ក៏បានធ្វើជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកងកម្លាំងពាក់ព័ន្ធ តាមបន្ទាត់ព្រំដែន ត្រូវសហការការគ្នា ទប់ស្កាត់ពលករ លួចឆ្លងដែនដោយខុសច្បាប់ និងស្រាវជ្រាវរកមុខមេខ្យល់ ដែលបំផុសចលនាលួចឆ្លង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ចំណុចនេះ លោកអភិបាលខេត្ត សំណូមពរ និងណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវចុះអប់រំណែនាំដល់ពលរដ្ឋដែលចង់ទៅធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់យល់ដឹងពីបញ្ហា ដែលយើងកំពុងជួបប្រទះ ពិសេសប្រទេសជិតខាង ដូចជា ប្រទេសថៃ កំពុងតែប្រឈមនឹងការរាត់ត្បាតពីជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះបងប្អូនពលករដែលបានធ្វើការឆ្លងដែលដោយខុសច្បាប់ ពេលឃាត់ និងអប់រំណែនាំរួច ត្រូវដាក់ឲ្យពួកគាត់ នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការពិនិត្យតាមដានមើលសុខភាព រកមើលជំងឺកូវីដ១៩ នៅក្នុងករណីមានការសង្ស័យ។ មួយរយៈនេះ សង្កេតឃើញថា មានពលរដ្ឋជាច្រើននាក់ បានចាញ់បោកមេខ្យល់នាំលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើតាមច្រករបៀងផ្សេង ដែលវាមានហានិភ័យខ្ពស់ ពីការឆ្លងជំងឺកូវីដ១៩ ក៏ដូចជាបន្តរួមគ្នាទប់ស្កាត់ការរាតត្បាតពីជំងឺនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ បានដាក់ចេញវិធានការឲ្យគ្រប់បណ្តាខេត្តជាប់ព្រំដែនប្រទេសជិតខាង ត្រូវទប់ស្កាត់ឲ្យបានពលករខ្មែរ ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។ ក្នុងនោះគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវស្រាវជ្រាវរកមុខមេក្លោង ឬមេខ្យល់ដែលអូសទាញ់ពលករលួចឆ្លងដែន ត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ឲ្យខានតែបាន៕