(ភ្នំពេញ)៖ នៅថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងប្រតិភូនៃខេត្តស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួល មរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

លោកស្រីកិត្តិសង្គហបណ្ឌិត ព្រមទាំងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកស្រី សួស ណារ៉ា ហ៊ឹម ឆែម ចំពោះការទទួលមរណភាពរបស់លោកទេសរដ្ឋមន្ត្រី។

បន្ទាប់មក លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់ជូនលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូបបច្ច័យចូលរួមក្នុងពិធីបុណ្យ និងបានបន្តអញ្ជើញដឹកនាំប្រតិភូចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដោយខ្លឹមសារថា «មរណភាពរបស់លោក ហ៊ឹម ឆែម គឺជាការបាត់បង់គួរឲ្យសោកស្តាយបំផុតនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហាធម៌ ហើយក៏ដូច ជាការបាត់បង់ នូវថ្នាកដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលមួយជីវិតរបស់លោកបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេស បានចូលរួមចំណែកយ៉ាង សំខាន់ធ្វើឲ្យវិស័យធម្មការ និងសាសនា មានការីកចម្រើនដូចសព្វថ្ងៃនេះ»

«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកសមានទុក្ខ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោក ហ៊ឹម ឆែម បានទៅសោយសុខក្នុងឋានសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ»