(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជាចំនួន២៧៥.៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា គម្រោង និងកម្មវិធីធំៗ ដែល ADB បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជា ដែលបានចាប់ផ្តើមអនុវត្ត ក្នុងឆ្នាំ២០១៩ ហើយកំពុងបន្ត រហូតដល់បច្ចុប្បន្ន រួមមាន៖

* ទី១៖ គម្រោងឧទ្យានជាតិថាមពលព្រះអាទិត្យ តម្លៃ៧.៦លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគ ជាមួយវិស័យឯកជន លើថាមពល ដែលអាចកកើតឡើងវិញនេះ។

រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ១៤៨,៦៥០ តោនក្នុងមួយឆ្នាំ។

* ទី២៖ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (កម្មវិធីរងទី២) តម្លៃ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មី ដល់សហគមន៍ក្រីក្រ ដែលរួមមាន៖ ទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និងមធ្យម។

កម្មវិធីនេះ គាំទ្រការអនុម័តយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹង ផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។

* ទី៣៖ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែង តម្លៃ៦០លានដុល្លារ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុងវិស័យអាទិភាពចំនួន៤រួមមាន៖ ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិច។

* ទី៤៖ កម្មវិធីទី៣ នៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យ និងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ តម្លៃ៤៩លានដុល្លារ (ដែល៤.៤លានដុល្លារជាប្រាក់ជំនួយ) ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀត នៅតាមទីជនបទ។

កម្មវិធីនេះ បន្ថែមចំនួនខេត្តពី៦ ទៅ៨ (រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, កំពត, ពោធិ៍សាត់ និងសៀមរាប) និងអនុវត្តក្នុងភូមិចំនួន ៦០០។

គូសបញ្ជាក់ថា ប្រតិបត្តិការ ឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី កើនដល់ជិត៣៤ពាន់លានដុល្លារ សម្រាប់ជួយដល់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕