(ភ្នំពេញ)៖ នៅក្នុងការពិភាក្សារបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជុំវិញការកែសម្រួលសេចក្តីព្រាងច្បាប់សហជីព នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា៧ចំណុចបន្ថែមទៀត លើសំណើប្រមាណ២១ចំណុច របស់ក្រុមសហជីព។
លោក សុខ ឥសាន សមាជិកសមាសភាពគណៈកម្មការនេះមកពីខាងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ការជជែកគ្នាថ្ងៃនេះបានចាប់ផ្តើមពីមាត្រាទី១៣ រហូតដល់មាត្រាទី២៤ នៃសេចក្តីព្រាងច្បាប់សហជីព ដោយសម្រេចបាន៧ចំណុចបន្ថែមទៀត ក្នុងចំណោម២១ចំណុច ដែលស្នើដោយសហជីព បន្ទាប់ពីសម្រេចបាន២ចំណុច កាលពីសប្តាហ៍។
លោកថា «បញ្ហាសំខាន់យើងមិនបានកែប្រែអ្វីទាំងអស់ទេ សម្រាប់ចំណុចពន្យារពេលបើកគណនីយើងបានសម្រេចឱ្យពន្យារពេលឱ្យ៤៥ថ្ងៃ ប៉ុន្តែក្នុងច្បាប់កំណត់ត្រឹម៣០ថ្ងៃដើម្បីរាយការណ៍ ហើយដោយឡែកចំពោះដូរអាស័យដ្ឋាន ពីមុនកំណត់១៥ថ្ងៃ យើងបានដាក់៣០ថ្ងៃ»។
ទោះជាយ៉ាងនេះក្តី ក្រុមការងារនៃគណបក្សទាំងពីរ នឹងបន្តជួបគ្នាម្តងទៀត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបន្តពិភាក្សាកែប្រែលើសេចក្តីព្រាងច្បាប់សហជីពបន្តទៀត៕