(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨៖៥៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១ (GS1-F8) មូលហេតុដោយសារក្រុមហ៊ុនឯកជន ប្រើអេស្កាវ៉ាទ័រកាយដី ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅសង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១០៖២៥នាទីព្រឹកនេះ។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាល ឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕