(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធិសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីពិសោធន៏ជំនាញគ្លីនិក និងបង្ហាញត្រាប់» និង «បន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ» ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា។

មន្ទីពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់ចំនួន២ និងបន្ទប់ប្រឡងតាមប្រព័ន្ឋ កុំព្យូទ័រចំនួន១នេះ ត្រូវបានកសាងឡើង ដើម្បីបម្រើដល់ការលើកម្ពស់គុណភាព នៃការបណ្តុះបណ្តាល និង ការវាយតម្លៃនិស្សិត ស្របតាមផែនការយុទ្ឋសាស្រ្ត របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលឆ្នាំ ២០១៤-២០១៨ ដើម្បីឈានទៅរកឧត្តមភាព នៃការបណ្តុះបណ្តាល ការស្រាវជ្រាវ និង ការផ្តល់សេវាផ្នែកសុខាភិបាល។

មន្ទីរពិសោធន៍បង្ហាញត្រាប់នេះ មានពីរជាន់ មានផ្ទៃក្រឡាសរុប៧០០ម៉ែត្រការ៉េ ហើយត្រូវបានសាងសង់ឡើង ក្នុងគោលបំណងអោយ និស្សិតទទួលបានការអប់រំមួយ នៅក្នុងបរិយាកាសជាក់ស្តែង ចម្លងតាមមន្ទីរពេទ្យ។ មន្ទីរពិសោធន៍នេះ អាចបំប្លែងនិងបំពាក់ឧបករណ៍ ដើម្បីបម្រើគោលដៅសិក្សាផ្សេងៗ ដូចជាបន្ទប់ពិគ្រោះជំងឺក្រៅ បន្ទប់សម្រាកពេទ្យ បន្ទប់វះកាត់ បន្ទប់សម្ភព ឬបន្ទប់សង្គ្រោះបន្ទាន់ជាដើម។ ប្រទេសបារាំងបានចូលរួមផ្តល់ហិរញ្ញវត្ថុ ក្នុងការសាងសង់អគារ និងបំពាក់ឧបករណ៍បង្ហាញត្រាប់ តាមជាក់ស្តែង ជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងមូលនិធិអូស្ត្រាលី Fred Hollows។

ក្រៅពីនេះ ប្រទេសបារាំងបានផ្តល់ជំនួយ បច្ចេកទេសរយៈពេលវែង និងរយៈពេលខ្លីសម្រាប់ការបណ្តុះបណ្តាល គ្រូបង្វឹកវ័យក្មេងរបស់ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ជាង៦០នាក់លើជំនាញបង្ហាញត្រាប់។ តាមរយៈជំនួយនេះ បាននាំឲ្យមានការដាក់បញ្ចូល វិធីត្រាប់តាមជាក់ស្តែងទៅក្នុងកម្មវិធីសិក្សាថ្មី ការរៀបចំបញ្ជីតាមដានអ្នកជំងឺ សេណារីយ៉ូទទួលអ្នកជំងឺ រួមទាំងការសិក្សាជំនាញ និងឥរិយាបទវិជ្ជាជីវ:របស់និស្សិត។ និស្សិតទាំង៣០០០នាក់ នៃមហាវិទ្យាល័យវេជ្ជសាស្រ្តនឹងក្លាយ ជាអ្នកប្រើប្រាស់ចម្បង នៃមន្ទីរពិសោធន៍នេះ ប៉ុន្តែវគ្គបណ្តុះបណ្តាលចម្រុះ មុខវិជ្ជានឹងត្រូវរៀបចំឡើងផងដែរ ដើម្បីជំរុញការងារជាក្រុមក្នុងចំណោមនិស្សិតទាំង៣ មហាវិទ្យាល័យរបស់ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (សរុបមានសិស្ស-និស្សិតប្រមាណ៧ ០០០នាក់ក្នុងឆ្នាំ២០១៥)។
 
ក្រៅពីមន្ទីរពិសោធន៍ បន្ទប់ប្រលងតាមប្រព័ន្ធកុំព្យូទ័ររបស់ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក៏ត្រូវបានបើកសម្ពោធផងដែរកាលពីថ្ងៃព្រហស្បតិ៍នោះ។ បន្ទប់នេះមានទំហំ៣៥០ម៉ែត្រការ៉េ បំពាក់ទៅដោយកុំព្យូទ័រចំនួន១៣០គ្រឿង ភ្ជាប់ទៅនឹងបណ្តាញមេមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីធានាអោយការប្រលង ប្រព្រឹត្តទៅដោយសម្ងាត់ និងសុក្រឹតភាព។ ជាមួយការស្គែនម្រាមដៃ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណបេក្ខជនប្រលង ការដាក់សំនួរផ្សេងៗគ្នាតាមប្រព័ន្ធកុំព្យូទ័រ និងការផ្តល់ពិន្ទុភ្លាមៗ បន្ទប់ប្រលងរបស់ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នឹងរួមចំណែកដ៏សំខាន់ជាមួយ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការលួចចម្លង និងការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យឧត្តមសិក្សា។ ប្រទេសបារាំងបានឧបត្ថម្ភការទិញ ឧបករណ៍ព័ត៌មានវិទ្យា ដោយសហការជាមួយ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងមូលនិធិ China Medical Board ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។