(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានណែនាំឱ្យអភិបាលស្រុកក្រុងទាំង៨ យកចិត្តទុកដាក់បន្ថែម ដោយត្រូវចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសណែនាំដល់ចៅសង្កាត់ និងមេឃុំ បន្តផ្សព្វផ្សាយពីវិធីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ និងសហគមន៍ ពោលគឺបើឃើញថា កន្លែងណាឬតំបន់ណាមួយមានការប្រមូលផ្ដុំខុសពីអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវតែពន្យល់និងណែនាំឱ្យពួកគាត់ បានយល់ពីអ្វីដែលជាការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវជំងឺហៅកូវីដ១៩ នេះ។
លោក ឈួរ ច័ន្ទឌឿន បានបន្តថា អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននូវពលករមកពីប្រទេសថៃ និងមកពីប្រទេសផ្សេងៗទៀតមករស់នៅក្នុងមូលដ្ឋានដោយត្រូវធ្វើ របាយការណ៍ជាក់លាក់ មករដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បីដាក់ឲ្យពួកគាត់នៅដាច់ដោយឡែកពីគេឯងក្នុងរយៈពេល ១៤ថ្ងៃ។ ការអនុវត្តបែបនេះមិនត្រឹមតែ ជួយពួកគាត់នោះទេ តែយើងអាចជួយគ្រួសារគាត់ និងសហគមន៍រស់នៅរបស់គាត់ឲ្យជៀសផុតពីជំងឺកូវីដ១៩នេះផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងស្ថានភាពបែបនេះរហូតតទៅថ្ងៃមុខ បើមិនមានអ្វីប្រែប្រួលទេនោះប្រទេសកម្ពុជាយើងគឺអាចរួចចាកផុតពីជម្ងឺកូវីដ១៩នេះហើយ ពេលនោះសេដ្ឋកិច្ច និងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរជាធម្មតាឡើងវិញ។ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យបន្ថែមទៀត កុំមានការធ្វេសប្រហែស ឲ្យសោះខណៈយើងទទួលបានជោគជ័យ ជំហានទី១ហើយនោះ។
ចំណែកបងប្អូនពលករមកពីក្រៅប្រទេស ពិសេសប្រទេសថៃបើមានបញ្ហាខ្វះខាតត្រូវជួយដោះស្រាយគាត់ បើដោះស្រាយមិនបានរាយការណ៍មករដ្ឋបាលខេត្តភ្លាម។ ពាក់ព័ន្ធនឹងម៉ាស់ និងទឹកលាងដៃ។ លោកក៏បានសូមឱ្យអាជ្ញាធរមូលដ្ឋានពន្យល់ឱ្យអ្នកសង្ស័យមានជំងឺក៏ដូចពលរដ្ឋទូទៅដែរ ដើម្បីជៀសផុតពីជំងឺឆ្លងត្រូវនាំគ្នា ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងលាងដៃជាប្រចាំជៀស វាងឆ្លងទៅអ្នកដ៏ទៃនិងក្រុមគ្រួសារ។
រីឯក្នុងប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ កន្លងមកនេះ គឺពិតជាបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចទាំងអស់ដែលបាន រួមគ្នាទប់ស្កាត់នូវជំងឺរាតត្បាត ដ៏សាហាវនេះបានយ៉ាងផុលផុស។ ប៉ុន្តែទោះបីជាយ៉ាងណា លោក ឈួរ ច័ន្ទឌឿន ក៏បានធ្វើការណែនាំឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ច ទាំងអស់កុំភ្លេចខ្លួនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺនេះ ដោយត្រូវចុះណែនាំប្រជាពលរដ្ឋនៅតាមសហកមន៍ឲ្យចេះការពារខ្លួនទៅ តាមការណែនាំរបស់ក្រសួងសុខាពិបាល មិនត្រូវធ្វេសប្រហែសឡើយទោះបី ជាប្រទេសយើងឆ្លងផុតរលកកំណាចទី១នេះក៏ដោយ៕