(បាត់ដំបង)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ គណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ តាមច្រករបៀងនានា ក្រោមវត្តមានលោក ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានចូលរួមពីថ្នាក់អភិបាលរងខេត្ត ថ្នាក់មេបញ្ជាការយោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងក្រុង-ស្រុកខេត្ត មេបញ្ជាការអភិបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត កងនគរបាល យោធាវរសេនាតូចការពារព្រំដែនគោក និងមន្រ្តីពាក់ព័ន្ធចូលរួមជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោក ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើង តាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីការឆ្លងដែន ខុសច្បាប់នៅតាមច្រករបៀងនានាព្រំដែនកម្ពុជា-ថៃ កន្លងមក។

នៅក្នុងកិច្ចប្រជុំនេះដែរ សមត្ថកិច្វពាក់ព័ន្ធបានបង្ហាញពីការលំបាកមួយចំនួនដែលខាងភាគីថៃ មិនសហការល្អជាមួយភាគីខ្មែរ ដោយពេលខ្លះខ្មែរយើងបានបិទមិនឲ្យចេញចូល ឆ្លងដែន តែថៃលួចឲ្យចេញចូលឆ្លងដែន ដើម្បីយកលុយពីប្រជាពលរដ្ឋខ្មែរផងដែរ។ ម្យ៉ាងវិញទៀត ពលករខ្មែរបានឆ្លងដែនតាមមេខ្យល់ដឹកនាំ ឬថៅកែថៃអនុញ្ញាតឲ្យចូលទៅទឹកដីថៃ។

លោកឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកកិច្ចការព្រំដែនគោក បានបញ្ជាក់ថា ករណីពលករលួចឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានា ដែលក្រសួងមហាផ្ទៃ បានសម្រេចឲ្យបិទច្រករបៀងទាំងស្រុងទូទាំងប្រទេស មិនឲ្យមានបើកបន្តទៀត គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ជាថ្មីម្តងទៀត។

លោកឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា បានបន្តថា ករណីពលករឆ្លងដែនខុសច្បាប់ដើម្បីទៅធ្វើការនៅប្រទេសថៃកន្លងមក ពលករខ្លះគឺមានការបាត់ខ្លួនដោយសារថៃបាញ់សម្លាប់
ចោល ពលករខ្មែរខ្លះទៀតបានជាប់ទោសដោយបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត។

លោក ងួន រតនៈ បានបញ្ជាក់ថា «ខេត្តយើងបើកកិច្ចប្រជុំបន្ទាន់ស្តីពីការបិទច្រករបៀងនេះ គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរលកទី២ នៃជំងឺ COVID-19 ខណ:ប្រទេសកម្ពុជាយើងកំពុងជាសះស្បើយអស់ហើយ និងប្រទេសជិតខាងកំពុងប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ»

លោកអភិបាលខេត្តបាត់ដំបង បានធ្វើការបូកសរុប ក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នារក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងខេត្តរស់នៅ គ្មានការភ័យខ្លាចបានសុខសាន្ត និងសុវត្ថិភាពផងដែរ៕