Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សៀវភៅក្រមង៉ុយ ជាមួយបណ្តាំ «កុំដេកតែក្រ...» ត្រូវបានបោះពុម្ពឡើងវិញ

14-01-2016 16:24

(ភ្នំពេញ)៖ «កើតមកជាមនុស្សទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមានវិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ...» ជាបណ្តាំរបស់អ្នកប្រាជ្ញ វោហាសាស្រ្តខែ្មរ​ ដែលបានចងក្រងនៅក្នុងសៀវភៅ «ក្រមង៉ុយ» តាំងពីទសវត្សឆ្នាំ១៩៣០ ត្រូវបានបោះពុម្ពផ្សព្វផ្សាយឡើងវិញហើយ ដោយអ្នកកាសែតខែ្មរជើងចាស់មួយរូប។

សៀវភៅក្រមង៉ុយ មានកម្រាស់ជាង១០០ទំព័រ ជាប្រភេទកំណាព្យកាព្យឃ្លោង ដ៏ពីរោះរណ្តំ បង្កប់ដោយខ្លឹមសារអប់រំ ស្តីពីការរៀបចំជីវិតឲ្យបានល្អប្រសើរ ការរើសគូស្រករជាអនាគត និងពាក្យទូន្មានដល់យុវជន មាតាបិតា និងមន្រ្តីរាជការ ត្រូវបានលោក ពុយ គា រៀបរៀងបោះពុម្ពផ្សាយឡើងវិញ ដើម្បីចែកចាយជូនសិស្ស និស្សិតក្រីក្រ និងដាក់នៅតាមបណ្ណាល័យ និងសាលារៀននានា ជាពិសេសនៅតាមជនបទ និងតំបន់ដាច់ស្រយាល។ ប៉ុនែ្តដោយសារចំនួន នៃការបោះពុម្ព និងចែកចាយមានកំណត់ លោកអ្នកដែលពេញចិត្ត និងគាំទ្របិតាកំណាព្យខែ្មរ ក្រមង៉ុយ អាចចូលរួមបំពេញបន្ថែម ជាមួយលោក ពុយ គា តាមរយៈលេខទូរស័ព្ទ ០១២ ៩០៨ ៨៤០។

«កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ ញុះញង់អ្នកធំ។ កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ...» នេះជាសម្រង់វគ្គខ្លីមួយ​ របស់បណ្តាំក្រមង៉ុយ៕