(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ពីការប្រកាសបន្ធូរបន្ថយវិធានការរឹតបន្ដឹង និងផ្លាស់ប្តូរពេលវេលាបម្រាមគោចរ ទូទាំងប្រទេស របស់រាជរដ្ឋាភិបាលថៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលថៃ បានចេញ សេចក្ដីប្រកាសបន្ធូរបន្ថយវិធានការរឹតបន្ដឹងបន្ថែមទៀត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន និងស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានសុពលភាពចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ដែលមានខ្លឹមសារ សំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ផ្លាស់ប្តូរពេលវេលាបម្រាមគោរចរ ដែលហាមប្រជាជន ចេញពីគេហដ្ឋានពីចន្លោះម៉ោង១១យប់ ដល់ម៉ោង៤ព្រឹកវិញ។
*ទី២៖ ចាត់អភិបាលក្រុង និងខេត្តនីមួយៗ ពិចារណាសម្រួលការប្រើប្រាស់អគារ របស់សាលារៀន ឬស្ថាប័នអប់រំ សម្រាប់តែសកម្មភាពជួយសង្គ្រោះ ផ្តល់អំណោយឧបត្ថម្ភ ជួយក្មេងកំព្រា ឬក្មេងក្រីក្រ និងក្មេងដែលអាចងាយរងគ្រោះ ប៉ុន្តែហាមមិនឲ្យបើកសម្រាប់ការសិក្សារៀនសូត្រ ឬការបណ្ដុះបណ្ដាលនានាបន្តទៀត។
*ទី៣៖ ចាត់អភិបាលក្រុង និងខេត្ត បិទទីតាំងប្រជល់គោ ប្រជល់ត្រី ឬទីតាំងប្រកួត ដែលមានលក្ខណៈស្រដៀងគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ស្របតាមស្ដង់ដារតែមួយដោយសារទីតាំងទាំងនោះ មានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។
*ទី៤៖ អនុញ្ញាតឲ្យប្រជាជនអាចបើកឡើងវិញនូវប្រភេទអាជីវកម្ម តាមការស្ម័គ្រចិត្ត ឬបានត្រៀមលក្ខណៈគ្រប់គ្រាន់៖

*ក៖ ផ្នែកសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃ

* ភោជ្ជនីយដ្ឋាន សួនអាហារ មជ្ឈមណ្ឌលអាហារ និងអាហារដ្ឋានទូទៅ ប៉ុន្តែហាមលក់គ្រឿងស្រវឹង
* ផ្សារទំនើប កន្លែងលក់ទំនិញ និងហាងតាមសហគមន៍ សម្រាប់តែការលក់គ្រឿងឧបភោគបរិភោគ និងការផ្តល់សេវាកម្ម ដែលតម្រូវឱ្យបើកត្រឹមម៉ោង ៨ យប់
* ហាងលក់រាយ /បោះដុំ ឬផ្សារបោះដុំខ្នាតធំ
* កន្លែងផ្តល់សេវាកម្មថែទាំ កន្លែងស្នាក់នៅ ឬកន្លែងមើលថែក្មេង និងមនុស្សចាស់
* ការថតផ្សាយកម្មវិធីទូរទស្សន៍ ភាពយន្ត និងវីឌីអូ
* បន្ទប់ប្រជុំនៅក្នុងសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទ។

*ខ៖ ផ្នែកហាត់កីឡា និងការថែទាំសុខភាព

* គ្លីនិកថែទាំសម្រស់ ហាងកែសម្ផស្ស ហាងធ្វើសក់ និងក្រចក ទាំងខាងក្នុង និងក្រៅផ្សារទំនើប ប៉ុន្តែ មិនរាប់បញ្ចូលការកែសម្ផស្សលើផ្ទៃមុខទេ
* កន្លែងហាត់ប្រាណដែលមិនស្ថិតនៅក្នុងផ្សារទំនើប កន្លែងលក់ទំនិញ និងហាងតាមសហគមន៍ តែ អនុញ្ញាតឲ្យបើកតែហាត់យូហ្គា ឬហាត់ប្រាណដែលមិនមានប្រើប្រាស់ឧបករណ៍កីឡា
* ទីកន្លែង ឬទីធ្លាហាត់ប្រាណក្នុងអាគារ សម្រាប់តែកីឡាដែលអនុវត្តតាមស្តង់ដាអន្តរជាតិ និងមាន គម្លាតរវាងអ្នកចូលរួមលេង និងគ្មានអ្នកចូលរួមទស្សនា
* អាងហែលទឹកសាធារណៈទាំងក្នុងអាគារ និងទីវាល
* សួនផ្កា សារមន្ទីរ មជ្ឈមណ្ឌលអប់រំ ទីតាំងប្រវត្តិសាស្ត្រ បណ្ណាល័យសាធារណៈ និងរោងភាពយន្ត។

*ទី៥៖ តម្រូវឲ្យបុគ្គលិក ឬម្ចាស់ទីតាំងដូចមានក្នុងចំណុច ក និង ខ អនុវត្តតាមវិធានការទប់ស្កាត់ជំងឺឆ្លង តាមសេចក្ដីណែនាំលក្ខខណ្ឌ និងពេលវេលាដែលអភិបាលក្រុង/ខេត្ត ឬរដ្ឋបានកំណត់ ហើយអាជ្ញាធរមានសិទ្ធចូលត្រួតពិនិត្យ ណែនាំ ដាស់តឿន និងហាមឃាត់ ឬចាត់វិធានការតាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលរដ្ឋខ្មែរ នៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួម សហការជាមួយអាជ្ញាធរថៃ ក្នុងការអនុវត្តតាមសេចក្ដីប្រកាសនេះ ឲ្យបានខ្ជាប់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

ក្នុងករណីបងប្អូនពលរដ្ឋខ្មែរនៅថៃមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាម រយៈហ្វេសប៊ុកផេក ឬលេខទូរសព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និងលេខ ០៩៤ ០៩២ ៥៩០៥ (ផ្នែកទទួលបន្ទុកពលករ)។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ៖