(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងភរិយា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារមិត្តសិល្បៈ នាំយកនូវសម្ភារ គ្រឿងឧបភោគបរិភោគ ជូនដល់មជ្ឈមណ្ឌលពន្លឺអនាគតកុមារ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។ 

លោក នួន សុថេរ៉ូ ប្រធានមជ្ឈមណ្ឌលពន្លឺអនាគត បានឲ្យដឹងថា សព្វថ្ងៃមជ្ឈមណ្ឌលបានទទួលថែទាំទំនុកបំរ៉ុង ទាំងការស្នាក់នៅ ទាំងការបរិភោគជូនដល់កុមារ ដែលជាក្មេងកំព្រារគ្មានទីពឹង និងទីទាល់ក្រ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌល មានកុមារកំពុងស្នាក់នៅ និងសិក្សាមានចំនួន ៦៥នាក់ ក្នុងនោះស្រី៣៩នាក់ និងមានកុមារចំនួន ២០នាក់ រៀននៅមជ្ឈមណ្ឌល តែទៅស្នាក់នៅក្រៅមជ្ឈមណ្ឌល។

លោក នួន សុថេរ៉ូ បានថ្លែងអំណរគុណចំពោះលោកអភិបាលខណ្ឌ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលតែងតែធ្វើការយកចិត្តទុកដាក់ ដល់មជ្ឈមណ្ឌលពន្លឺអនាគតកុមារ តាមរយៈការជួយជាសម្ភារ និងតាមរយៈសកម្មភាពមនុស្សធម៍ផ្សេងៗជាច្រើន។

លោក ហែម ដារិទ្ធ បានកោតសរសើរចំពោះមជ្ឈមណ្ឌលពន្លឺអនាគត ដែលបានធ្វើការជួយថែទាំដល់កុមារដែលជាក្មេងកំព្រារគ្មានទីពឹង និងទីទាល់ក្រ ដោយលោកគ្រូអ្នកគ្រូ បានធ្វើការថែទាំកុមារទាំងអស់យ៉ាងលំបាក ប្រៀបដូចជាម្តាយបង្កើត តាមរយៈការថែទាំកុមារ និងទារក ដែលត្រូវបានគេបោះបង់ចោល អោយមានពន្លឺជីវិតឡើងវិញដូចគេឯង។

លោកអភិបាល បានលើកឡើងទៀតថា ដោយមើលឃើញពីការលំបាក និងមានចិត្តចង់ជួយសម្រួលដល់ការលំបាកមួយចំណែករបស់មជ្ឈមណ្ឌល ទើបនៅថ្ងៃនេះ លោកបាននាំយកនូវសម្ភារ គ្រឿងឧបភោគបរិភោគ ជូនដល់មជ្ឈមណ្ឌលពន្លឺអនាគតកុមារ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ដែលជាអំណោយសប្បុរសធម៌របស់សមាគមន៍មិត្តសិល្បករ។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមជួយដល់មជ្ឈមណ្ឌលពន្លឺអនាគត និងចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានការទីទាល់ក្រ និងជួបទុក្ខលំបាកផ្សេងៗ តាមគ្រប់សកម្មភាពមនុស្សធម៍ផងដែរ៕