(ព្រៃវែង)៖ គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅមួយ បានកើតឡើងគួរឱ្យសោកស្តាយបំផុត កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបណ្តាលឲ្យឆេះផ្ទះអស់១ខ្នង ខូតខាតអស់ទ្រព្យសម្បត្តិអស់មួយចំនួនធំ និងឆេះស្លាប់ជីដូនចាស់ជរាម្នាក់គួរឱ្យសង្វែកបំផុត។

សមត្ថកិច្ចនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា ករណីអគ្គីភ័យនេះ ឆេះផ្ទះអស់១ខ្នង សង់អំពីឈើប្រក់ស័ង្កសី មានទំហំ ៦×៧ម៉ែត្រ មានម្ចាស់ផ្ទះឈ្មោះ ផាន់ គន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ឃឹម ហុន អាយុ ៤៥ឆ្នាំ និងបណ្តាលឱ្យដូនចាស់ម្នាក់ស្លាប់ ក្នុងភ្លើងឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ ៨៥ឆ្នាំ ព្រមទាំងឆេះ សម្ភារៈក្នុងផ្ទះមាន៖ កង់១គ្រឿង ម៉ូតូ១គ្រឿង និងថវិកា ១,០០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ចំណែកការដែលបណ្តាលឲ្យឆេះផ្ទះរបស់ជនរងគ្រោះខាងលើ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕