(បាត់ដំបង)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង (ក.ប.ប) បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដីនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទ ប្រើប្រាស់និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅក្នុងផ្សារដំណាក់ស្ដៅ ក្នុងស្រុករតនៈមណ្ឌល បានដកហូតទំនិញខូចគុណភាព ៤៣គីឡូក្រាម យកមករក្សាទុក នៅសាខាដើម្បីទុកដុតកំទេចចោលពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំបាត់ដំបង បានថ្លែងថា ការចុះត្រួតពិនិត្យផលិតផលទំនិញដាក់ តាំងលក់នេះ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារដំណាក់ស្ដៅនៅ ស្រុករតនៈមណ្ឌល ដោយបានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ គុយទាវសរសៃ(តូច-ធំ) ប្រហិតសាច់គោ សាច់ក្រកគោ មឹកស្រស់ បង្គាស្រស់ និងបានត្រួតពិនិត្យ នំទិញដាក់តាំងលក់ក្នុងផ្សារ ជាលទ្ធផលបានរកឃើញ នឹងបានដកហូតទំនិញខូចគុណភាពមាន៖ ទឹកតែខៀវ ៣៦គីឡូក្រាម, ទឹកស៊ីអ៊ីវ០៦គីឡូក្រាម និងម្សៅដូង
០១គីឡូក្រាម សរុប៤៣គីឡូក្រាម យកមករក្សារទុកនៅសាខា ដើម្បីដុតកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ក៏បានធ្វើការការណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារទូទៅទាំងអស់ រាល់ការលក់ទំនិញ គ្រឿងឧបភោគបរិភោគ ហូបចុកប្រចាំថ្ងៃ សូមកុំលួចដាក់សាធាតុគីមី ព្រោះវានាំឲ្យខូចសុខភាពយើងទាំងអស់គ្នា ហើយមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សារអប់រំសុខភាពដល់អាជីវករ និងអំពាវនាវតាមរយ:
ការបិទស្ទិកឃើ នៅនឹងកន្លែងលក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕