(កំពត)៖ ជនញៀនថ្នាំម្នាក់ បានលួងលោមក្មេងស្រីអាយុ៩ឆ្នាំ ហើយចាប់រំលោភ តែមិនបានសម្រេចនៅក្នុងព្រៃ ប៉ុន្តែជនសង្ស័យត្រូវបានកម្លាំង នគរបាលចាប់ខ្លួន ក្រោយពីម្តាយក្មេងស្រី ប្តឹងទៅសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ចំណុចភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់អង្គភាព Fresh News ថាជនសង្ស័យឈ្មោះ ឈឹង សារ៉ាត់ ហៅទី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត រីឯកុមារីរងគ្រោះ ឈ្មោះ រ ធ រ អាយុ៩ឆ្នាំ។ មន្រ្តីនគរបាលបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ កុមារីរងគ្រោះ បានដើរចេញទៅលេងផ្ទះមិត្តភ័ក្ត ពេលដើរដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានឃើញជនសង្ស័យជិះម៉ូតូ មកឈប់ក្បែរខ្លួន។

ពេលនោះជនសង្ស័យបានបបួល ជនរងគ្រោះទៅរកវ័ល្លក្នុងព្រៃ ដោយសន្យាឲ្យលុយចំនួន៥ពាន់រៀល ពេលនោះជនរងគ្រោះ បានយល់ព្រមឡើងជិះម៉ូតូ ទៅជាមួយ។ ពេលជនសង្ស័យឌុបដល់ ក្នុងព្រៃក្បែរមាត់ព្រែក ជនសង្ស័យ ក៏បានធ្វើសកម្មភាព ចាប់ចង្កេះកុមារីរងគ្រោះ រួចឲ្យដេក ពេលនោះជនរងគ្រោះ បានយកលេសថា ឈឺបត់ជើងធំ។ ប៉ុន្តែជនសង្ស័យ បានបីជនរងគ្រោះ សំដៅចូលទៅក្នុងព្រៃជ្រៅ ហើយចៃដន្យមានសម្លេងម៉ូតូ អ្នកផ្សេងទៀត ធ្វើឲ្យជនសង្ស័យបានប្រលែង។

ក្មេងស្រីរងគ្រោះឃើញសភាពការណ៍ ក៏ឆ្លៀតឱកាសកុមារីរងគ្រោះ​ រត់គេចចេញមកក្រៅ ក៏បានជួបនឹងឪពុកខ្លួន កំពុងជិះម៉ូតូមកដល់តែម្តង។ ក្រោយដាក់ពាក្យបណ្តឹងរួច កម្លាំងនគរបាលក៏ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះតែម្តង។ តាមលទ្ធផល ធ្វើតេស្តទឹកនោម លើជនសង្ស័យ នគរបាលរកឃើញថា ជនសង្ស័យមានសារធាតុញៀន «មេតំហ្វេតាមីន ឬម៉ាទឹកកក»៕