(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានថ្លែងលើកទឹកចិត្ដ ឲ្យសង្គមស៊ីវិលទាំងអស់ ចូលរួមធ្វើការជាមួយ ក្រសួងយុត្ដិធម៌ ពាក់ព័ន្ធនឹងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ដ។
ការលើកឡើងរបស់ លោក កើត រិទ្ធ បានធ្វើឡើងក្រោយពិធីប្រកាស បើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌។
លោក កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្ដថា សង្គមស៊ីវិល គួរតែចូលរួមធ្វើការ ជាមួយក្រសួងយុត្ដិធម៌ ដើម្បីកុំឲ្យខុសច្បាប់ ជៀសជៀងចូលលូក ទៅក្នុងកិច្ចការមួយ ដែលអាចត្រូវបានមហាជនមើលឃើញថា ជាការជៀសជៀងទៅក្នុងកិច្ចការ ដែលជាសមត្ថកិច្ចរបស់ចៅក្រម និងព្រះរាជអាជ្ញា»។
លោក កើត រិទ្ធ បានលើកឡើងថា ក្រសួងយុត្ដិធម៌ បើកទ្វារសម្រាប់សង្គមស៊ីវិល ធ្វើការជាមួយលេខាដ្ឋានរបស់ក្រសួង ហើយអាចធ្វើទំនាក់ទំនងដោយសេរី ជាមួយ Page ក្រសួង ឬក៏ទាក់ទងជាមួយនឹងអ្នកនាំពាក្យ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា ក្រសួងបើកទ្វារចំហរ ប៉ុន្ដែយើងមិនចង់បានថា គាត់ប្រើអំណាចរបស់គាត់ ដែលអត់មានច្បាប់ចែង លូកចូលដល់តុលាការ ហើយទៅធ្វើរបាយការណ៍មួយផ្សេង អត់ដឹងថា របាយការណ៍គាត់ផ្អែកលើអ្វីទេ។
ជាមួយគ្នានោះ លោក កើត រិទ្ធ បានឲ្យដឹងថា ក្រសួងយុត្ដិធម៌ ក៏បានទទួលជួបជាមួយនិង ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNOCHR) ហើយបានលើកឡើងពីបញ្ហាដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្តនេះផងដែរ។
លោក កើត រិទ្ធ បន្ដថា ក្នុងជំនួបនោះ មិនត្រឹមតែលើកឡើងអំពីបញ្ហានេះទេ ក្រសួងយុត្ដិធម៌ ក៏សូមឲ្យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលរួមក្នុងការជួយដោះស្រាយការកកស្ទះសំណុំរឿងនេះ ជាផ្លូវការទៀតផង។
គូសបញ្ជាក់ថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានភារកិច្ច៖
* ១៖ ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានីខេត្ត
* ២៖ ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
* ៣៖ ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
* ៤៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ៕