(ក្រចេះ)៖ ក្រុមហ៊ុនស៉ីងបាយអូថេក ដែលទទួលបានសិទ្ធិសហការជាមួយរដ្ឋបាលព្រៃឈើ ក្នុងការធ្វើជាដៃគូដាំដើមឈើនៅនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបឹងចារ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំគណៈប្រភូចំណុះអោយអោយ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ជំនាញពាក់ព័ន្ធចុះទស្សនកិច្ចពិនិត្យមើលពីវឌ្ឍនភាព នៃការដាំដុះ និងសកម្មភាពរបស់ក្រុមហ៊ុន ដល់ទីតាំងផ្ទាល់តែម្ដងដើម្បីជាការលើកទឹកចិត្ត និងជំរុញអោយក្រុមហ៊ុនបន្តខិតខំអនុវត្ត អោយទទួលបានជោគជ័យ។
លោក លូ នាយកក្រុមហ៊ុនស៉ីងបាយ អូថេក បានរាយបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម និងគណៈប្រតិភូចូលរួមអោយបានដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោង អភិវឌ្ឍឧស្សាហកម្មឈើដាំលើដីព្រៃ របស់រដ្ឋក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ តាំងពីឆ្នាំ២០១១ លើផ្ទៃដី ៣៤,០០០ហិកតា របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ បឹងចារ ស្ថិតនៅក្នុងស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ចាប់តាំងពីឆ្នាំ២០១៣ ដល់២០១៨ ក្រុមហ៊ុនដាំកូនឈើបាន ៣,៨៩៨ ហិកតា ហើយចាប់តាំងពីដើមឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០ បានដាំលើផ្ទៃដីចំនួន ៣,៨៧៧ហិកតា។ ហើយក្នុងឆ្នាំ២០២០នេះ បានបន្តឈូសឆាយលើផ្ទៃដី ៥,០០០ ហិកតា ទន្ទឹមនឹងនេះ ក៏មានបន្តធ្វើការឈូសឆាយទៅតាមអនុតំបន់នីមួយៗ ដែលទទួលបានការឯកភាពពីក្រសួងកសិកម្ម រួចដើម្បីដាំកូនឈើចំនួន ៦,២៥០,០០០ដើម ក្នុងនោះមានកូនឈើប្រណីត កូនឈើប្រភេទលេខ១ លេខ២ និងកូនឈើប្រេងខ្យល់ជាដើម ។
លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលព្រៃឈើ ជាពិសេសលោករដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យឧស្សាហកម្ម ឈើដាំតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការដើម្បីឲ្យ ក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការ វិនិយោគដូចការរំពឹងទុក។
ឆ្លៀតក្នុងឱកាសចុះទស្សនកិច្ចនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករក្រុមហ៊ុនចំនួន១៥០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មកជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារទាំងអស់នៅទីនេះ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពចៀសឱ្យឆ្ងាយ ពីជំងឺឆ្លងសកលកូវីដ-១៩ គ្រប់ៗគ្នា។
បន្ទាប់មកលោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ ការបណ្តុះកូន និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវពូជ និងបណ្តុះឈើដាំនៅខេត្តកំពង់ធំ ដែលវិទ្យាស្ថាននេះបាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៏វិស័យព្រៃឈើកម្ពុជា តាមរយ:ការងារស្រាវជ្រាវផ្សព្វផ្សាយ បណ្តុះកូន និងស្តារព្រៃឈើឡើងវិញស្រមតាមគោលនយោបាយ របស់ក្រសួងកសិកម្ម និងជាពិសេសរបស់ រាជរដ្ឋាភិបាលកម្ពុជាតែម្ដង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីពន្លឿន សកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។
ក្រសួងនឹងផ្តល់កិច្ចសហការដល់ក្រុមហ៊ុន ក្នុងបំណងធ្វើឲ្យសម្រេចតាមគម្រោងផែនការដែលបានកំណត់ ប្រយោជន៍ដើម្បីលើកកម្ពស់ សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំទៅក្នុងទីផ្សារក្នុង និងក្រៅប្រទេស ប្រកបដោយប្រកួតប្រជែង បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុង តំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ លោក វេង សាខុន ក៏បានស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករ ដើម្បីរក្សាភាព ឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិត ក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។
ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញ ជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ និងគោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានដីព្រៃរបស់រដ្ឋនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ចូលរួមទប់ស្កាត់បទល្មើស ការកាប់ទន្រ្ទានដីព្រៃកាន់កាប់ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
លោកក៏បានអំពាវនាវ ឱ្យសហគមន៍ព្រៃឈើនៅជាប់តំបន់នេះចូលរួមដាំឈើ និងថែរក្សាដីព្រៃឈើ រដ្ឋឱ្យបានគង់វង្ស ប្រយោជន៍ទាញយកផល និងអនុផលព្រៃឈើ រួមទាំងចិញ្ចឹមសត្វ និងដំណាំរួមផ្សំផ្សេងៗទៀតដើម្បីកែលម្អកម្រិតជីវភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុនស៉ីងបាយអូថេក ក្រៅពីវិនិយោគលើការងារសហការដាំដើមឈើ ជាមួយរដ្ឋបាលព្រៃឈើធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតក្ដាកុងផ្លាកេ និងគ្រឿងសង្ហារឹមផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុកនោះ គឺបច្ចុប្បន្ន ក៏ដូចអនាគតក្រុមហ៊ុន មានការខ្វះខាតវត្ថុធាតុដើមជាខ្លាំង នៅពេលដែលទីផ្សារតម្រូវការច្រើន។ ដូច្នេះហើយទើបក្រុមហ៊ុនខិតខំដាំដើមឈើ ដើម្បីធ្វើជាវត្ថុធាតុដើមដែលមាន នៅក្នុងស្រុកស្រាប់ចៀសវាងការប្រាស់ព្រៃឈើធម្មជាតិ ធ្វើជាវត្ថុធាតុដើម។
ក្នុងនោះ តាមការអោយដឹងពីតំណាង ក្រុមហ៊ុន គឺក្រុមហ៊ុនក៏ខ្វះខាតផ្ទៃដីសម្រាប់វិនិយោគដាំដើមឈើ ឧស្សាហកម្មនេះរាប់ម៉ឺនហិកតា នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕