(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បានអញ្ចើញចូលរួមនៅ ក្នុងពិធីចុះអនុសារណៈ លើកិច្ចព្រមព្រៀងរវាង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិ អ៉ិនឈួន នៃសាធារណៈរដ្ឋកូរ៉េ លើគម្រោងបង្កើតឲ្យមាន ជំនាញវិទ្យាសាស្ដ្រទីក្រុង។
រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានគំនិតច្នៃប្រឌិត នាំឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយភាគីកូរ៉េ ដើម្បីឈានទៅបង្កើត មហាវិទ្យាល័យវិទ្យាសាស្ដ្រទីក្រុង។ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការបង្កើតជំនាញថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកស្ទួយវិស័យអប់រំ និងផ្ដល់ឱកាសឲ្យយុវជន បានសិក្សាពីតំបន់ទីប្រជុំជននានា ដើម្បីស្វែងរកដំណោះស្រាយ តាមតំបន់មួយចំនួន ដែលកំពុងជួបបញ្ហាផ្សេងៗ។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា អនុសារណៈលើកិច្ចព្រមព្រៀងគ្នានេះ គឺផ្ដោតសំខាន់លើជំនាញវិទ្យាសាស្ដ្រទីក្រុង។ ដោយសារសាកលវិទ្យាល័យ ខ្វះខាតបទពិសោធន៍ បច្ចេកទេស និងអ្នកជំនាញ ដើម្បីបង្ហាត់បង្រៀន ដល់សិស្សានុសិស្សនោះ ទើបសាកលវិទ្យាល័យ សហការជាមួយភាគីកូរ៉េ ដើម្បីជំរុញឲ្យជំនាញថ្មីនេះ មានមហាវិទ្យាល័យច្បាស់លាស់ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងទទួលបានជោគជ័យ ក្នុងពេលឆាប់ៗខាងមុខ ព្រោះភាគីកូរ៉េ បានសន្យាផ្ដល់បទពិសោធន៍ផ្សេងៗ ពាក់ព័ន្ធនឹងវិទ្យាសាស្ដ្រទីក្រុងនេះ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លើសពីនេះថ្នាក់ដឹកនាំ សាកលវិទ្យាល័យជាតិ អ៉ិនឈួន នៃសាធារណៈរដ្ឋកូរ៉េ ក៏គ្រោងពង្រីងកិច្ច សហប្រតិបត្តិការផ្សេងៗទៀត ជាមួយនឹងកម្ពុជា ដើម្បីលើកកម្ពស់វិស័យអប់រំ ប្រទេសទាំងពីរផងដែរ៕