(ស្វាយរៀង)៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន ៩នាក់ ទៅកាន់តុលាការខេត្តស្វាយរៀង ពីបទរក្សាទុក ជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត។

នគរបាលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ក្រុងបាវិត ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ឈ្មោះ ស្រែតាឡាក់ ស្តិតក្នុងភូមិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្សយ័ជាមេក្លោង និងបក្ខពួកសរុបចំនួន៩នាក់។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន១០កញ្ចប់ (ធំ៨កញ្ចប់) អាវុធខ្លី១ដើម ធុនK៥៩ បង់១ មាន២គ្រាប់ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន២គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសំភារៈវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕