(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងអស់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមរំលែកមរណទុក្ខជូនលោកស្រី សួស ណារ៉ា ហ៊ឹមឆែម ចំពោះមរណភាពទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញក្តីខ្សឹកខ្សួលរំជួលចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្ដីខ្សឹកខ្សួលរំជួល ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទទួលមរណភាពនៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥៥ នាទីព្រឹក ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ»។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ សូមសម្ដែងនូវការសោកស្ដាយ ស្រណោះ អាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម គឺជាការបាត់បង់នូវស្វាមី ប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរ ដ៏ឆ្នើមមួយរូប ដែលពោរពេញ ដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃវប្បធម៌ ព្រះពុទ្ធសាសនា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចពិជ័យសេនា ទៀ បាញ់ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕