(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យ និងសវនាកម្ម ដោយសម្លេង៩៧លើ៩៨រូប។
សេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលរួមមាន ១៣ជំពូក ៣៩មាត្រា។ ច្បាប់នេះជាមូលដ្ឋាននៃការអនុវត្តអភិបាលកិច្ចល្អ របស់អង្គភាពមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចមួយរឹងមាំ និងប្រកបដោយ និរន្តរភាព និងតម្លាភាព ព្រមទាំងបង្កើនគុណភាព និងសមត្ថភាពធនធានមនុស្សដើម្បីធានាកម្រិតជីវភាព និងសុខដុមភាពរបស់ ប្រជាជនឲ្យកាន់តែប្រសើរឡើងជាលំដាប់។ វិស័យនេះក៏មានតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការអភិវឌ្ឍ កិច្ចប្រតិបត្តិការហិរញ្ញវត្ថុក្នុង ប្រទេសពិសេសធានាភាពត្រឹមត្រូវ ច្បាស់លាស់ និងធានានូវអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ទាំងក្នុងវិស័យ សាធារណៈ វិស័យឯកជន ស្រមតាមស្តង់ដារ មូលដ្ឋានអន្តរជាតិក្នុងក្រមខ័ណ្ឌនៃសមាហរណកម្មតំបន់ និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះ មានតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិឲ្យមាន កំណើនជានិរន្ត និងរក្សាស្ថិរភាពសង្គម ពិសេសលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងឈានទៅកាត់បន្ថយយ៉ាងឆាប់រហ័សនូវភាពក្រីក្ររបស់ប្រជាជន ក្រោមយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះជាការប្រកាសលទ្ធផល នៃកិច្ចប្រជុំរដ្ឋសភាថ្ងៃនេះ៖