(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារអភិវឌ្ឍសម្ភារឧបទេស សម្រាប់ការអប់រំ បង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា បានបន្តកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារតាក់តែងឯកសារមេរៀន ដោយមានការចូលរួម ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការដៃគូពាក់ព័ន្ធ។
លោក គឹម សាញ់ ទីប្រឹក្សាបានធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃការអភិវឌ្ឍសម្ភារឧបទេស សម្រាប់ការអប់រំ បង្ការទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា ដែលផ្តល់ឯកសារដោយអ្នកពាក់ព័ន្ធ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងសាទរ និងអំណរគុណដល់អ្នកពាក់ព័ន្ធ ដែលបានចូលរួមឈរលើស្មារតីខិតខំ សស្រាកសស្រាំសំដៅកសាង បាននូវឯកសារអប់រំមួយចូលរួម បង្កើនប្រសិទ្ធភាពសំដៅបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សា និងសូមបន្តការងារ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា មានជំនឿយ៉ាងមុតមាំថា ប្រសិនបើសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានការយល់ដឹងពីបញ្ហាគ្រឿងញៀនពួកគាត់ នឹងចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយឯកសារដែលយើងទាំងអស់គ្នា កំពុងរួមគ្នា តាក់តែងនេះ នឹងក្លាយជាប្រទីបបំភ្លឺផ្លូវ ដល់អ្នកសិក្សានិងអ្នកចង់ស្វែងយល់បង្កើនចំណេះសម្បទា បំណិនសម្បទា ចរិយាសម្បទា ក្លាយជាជនបង្គោលរបស់ជាតិ ក្នុងដំណើរបង្ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយគ្រឿងញៀនខុសច្បាប់នៅក្នុងសង្គមជាតិ។
លោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមថា ឯកសារអប់រំនេះពេលរៀបចំរួចរាល់ និងគោលការណ៍ពីថ្នាក់ដឹកនាំសុំដាក់ ធ្វើតេស្តសាកល្បង (លំនាំក្នុងថ្នាក់ ករណីសិក្សា ត្រួតពិនិត្យ និងលំនាំមិត្តអប់រំមិត្ត) គុណភាព ប្រសិទ្ធភាពនៅតាមសាលាគរុកោសល្យភូមិភាគ តាមរាជធានី-ខេត្ត មុននឹងសុំការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លើការងារបោះពុម្ពផ្សព្វផ្សាយ។ ទន្ទឹមនេះ ក៏សូមថ្លែងអំណរគុណដល់អង្គការ ប្លែកអន្តរជាតិ កម្ពុជា និងអង្គការ Cambodia Acts ដែលបានជួយគាំទ្រដល់ដំណើរការតាក់តែងសៀវភៅនេះ។
សូមបញ្ជាក់ថា ឯកសារអប់រំដែលកំពុងរៀបចំតាក់តែងនេះ មានពីរផ្នែក គឺផ្នែកបឋមសិក្សាមាន១៥មេរៀន ចែកចេញជា៤ជំពូក និងមធ្យមសិក្សាបឋមភូមិ មាន១៥មេរៀន ចែកជា៣ជំពូក៕