(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិទ្ធសុទ្ធី បូរ៉ាឆាត បានចេញដីការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឡា តា ភេទប្រុស ដាក់ពន្ធនាគារដើម្បីរង់ចាំបើកសវនាការ កាត់ទោសនៅពេលក្រោយ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើរលួច និងទទួលផលចោរកម្ម។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ចោររហ័សនាម ដៃទិព្វលួចឡាន-ម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ តាមបង្ក្រាបបានហើយ។ អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់ព័ត៌មានអង្គភាព Fresh News ឲ្យដឹងថា ពេលសមត្ថកិច្ចកំពុងសួរចម្លើយនោះ ស្រាប់តែជនសង្ស័យកើតមានរោគបេះដូងរីក ទើបថប់ដង្ហើមរកកល់ប្រកាច់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤ និង០០នាទី នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០៥-២០២០ វេលាម៉ោង០៥ និង២០នាទីភ្លឺ ។

ជនសង្ស័យឈ្មោះ ឡា តា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ទ្វារ ផ្ទះលួចយកឡាន និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ម៉េងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ខៀវ លាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-4710 សម្ភារបន្សល់ទុករថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស RX-300 ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AD-7263៕