(បន្ទាយមានជ័យ)៖ ចោរវ័យក្មេងម្នាក់ បានចូលលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាច្រើនលើកនោះ ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅវេលាម៉ោង ៩យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក ហ៊ុន សម្បត្តិ អាយុ៤៥ឆ្នាំ រស់នៅក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងឈ្មោះ ង៉ែត វល័ក្ខ អាយុ២៦ឆ្នាំ ថាបានចូលលួច ទ្រព្យសម្បត្តិរបស់ខ្លួនដូចជា ប័ណ្ណបើកបរចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ប័ណ្ណសារព័ត៌មានចំនួន២សន្លឹក កាតសំរាប់បញ្ជូលទឹកប្រាក់ទូរស័ព្ទ មួយចំនួន ប្រាក់ដុល្លាចំនួន១៦០ដុល្លារ ប្រាក់បាទចំនួន១០០០បាត និងប្រាក់ខ្មែរមួយចំនួនធំ។
លោកបញ្ជាក់ទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក លោកបានចាត់កំលាំងដឹកនាំដោយលោក ជា ដា មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ ហើយឈានដល់ធ្វើការឃាត់ខ្លួនឈ្មោះ ង៉ែត វល័ក្ខ នៅចំណុចខាងលើ រួចបញ្ជូនមក ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕