(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ ក្វាន់ សៀម មេបញ្ជាការកងវិស្វកម្ម ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយករងខុទ្ទកាល័យ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងថា្នក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវស្របខ្សែព្រំដែន កម្ពុជា-ថៃមួយខ្សែដែល ប្រវែង២០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់អូរអែម សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ផ្លូវលំមួយខ្សែប្រវែង២០គីឡូ ម៉ែត្រនេះ ទទឹង៩ម៉ែត្រ ធ្វើស្ពានចំនួន៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់ចំនួន៩កន្លែង ហើយផ្លូវនេះ គឺជាផ្លូវក្រាលគ្រួសក្រហម ជំហានដំបូងស្របតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាគំរោងថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគំរោងដោយកងវិស្វកម្ម ក្រសួងការពារជាតិ តែក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៦នេះ ឲ្យរួចរាល់ជាស្ថាពរ។
លោក កើត សុធា បានថ្លែងថា ផ្លូវក្រវ៉ាត់ស្របព្រំដែនកម្ពុជា-ថៃ១ខ្សែប្រវែង២០គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តប៉ៃលិននេះ នឹងត្រូវកសាងបន្ត ជាជំហានៗរហូត ផ្សាភ្ជាប់ផ្លូវក្រវ៉ាត់ព្រំដែនដែលកំពុង កសាងចេញពីខេត្តកោះកុង ឆ្ពោះមកតភាជាប់គ្នា នឹងខ្សែផ្លូវដែលកងវិស្វកម្ម នៃក្រសួងការពារជាតិ កំពុងដំណើរការកសាងនៅទីនេះ។ តាមចក្ខុវិស័យក្នុងយុទ្ឋសាស្រ្ត បំរើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង របស់សម្តេចតេជោហ៊ុនសែន ផ្លូវមួយខ្សែស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្តានុពលលើវិស័យការពារជាតិ និងបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករព្រំដែនទៅកាន់ទីផ្សារ បានឆាប់រហ័ស ធ្វើឲ្យឈ្មួយកាត់បន្ថយ ការចំណាយសោហុយលើការដឹកជញ្ជូន ស្មើនឹងការបង្កើនតម្លៃកសិផល របស់ប្រជាពលរដ្ឋ។
លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍នៅតំបន់ព្រំដែន ឲ្យមានការរីកចំរើនគ្រប់វិស័យ។ ជាពិសេសជាក់ស្តែង នៅតំបន់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិនបានកំពុងជំរុញបន្ថែម នូវការពង្រឹងកិច្ចសហប្រតិ្តបតិការជាមួយ ប្រទេសថៃជាមិត្ត ដើម្បីប្រែក្លាយតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ឲ្យទៅជាព្រំដែន មួយដែលមានសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែននៃ ប្រទេសទាំងពីរអោយល្អប្រសើឡើង។
បច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានផ្លូវស្ពានតភ្ជាប់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ដែលជាសសៃឈាមសេដ្ឋកិច្ច ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ លោក កើត សុធា បានមានប្រសាសន៍បន្តទៀតថា យើងប្រែកា្លយការដឹងគុណ ចំពោះសម្តេចតេជោ ទៅជាស្មារតីជួយថែរក្សា ផ្លូវស្ពានទាំងអស់នេះ ឲ្យនៅមានគុណភាព ប្រើប្រាស់បានយូរអង្វែង៕